2023-06-05 05:06
449

កណ្ដាល៖ ពិតជារឿងគួរខ្លោចចិត្តទាល់មែនទែន ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនក្នុងបន្ទប់ទឹក ដោយមិនឱ្យអ្នកណាដឹងរួចធ្វើសកម្មភាពសម្លាប់ និងច្រកក្នុងថង់ខ្មៅយកទៅបោះចោលក្នុងប្រឡាយទឹកយ៉ាងរំភើយរំលងបានរយៈពេល ០៨ថ្ងៃក្រោយទើបបែកការសមត្ថកិច្ចចាប់ខ្លួនតែម្តង។

សមត្ថកិច្ចនគរបាល បានធ្វើការចាប់ខ្លួន ស្ត្រីជាម្តាតតិរិច្ឆាន សម្លាប់កូនបង្កើតយកទៅបោះចោលក្នុងប្រឡាយទឹក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនសង្ស័យមានឈ្មោះ ណាវ សៅរី ភេទ ស្រី អាយុ ៣៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិ-ឃុំកើតហេតុ។

តាមរបាយករាណ៍ប៉ូលិស បានឱ្យដឹងថា ករណីឃាតកម្ម ម្តាយបង្កើតសម្លាប់កូននេះ កើតឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ នៅចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លុះរំលងបានរយៈពេល ០៨ថ្ងៃត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

ស្ត្រីសង្ស័យឈ្មោះ ណាវ សៅរី បានសារភាពប្រាប់នគរបាលថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងមក នៅវេលាម៉ោងប្រហែល ០៤ទៀបភ្លឺ ខ្លួនបានឈឺពោះបានចូលទៅបន្ទប់ទឹក ដើម្បីបន្ទោបង់ ស្រាប់តែសម្រាលកូនធ្លាក់ចូលក្នុងចានបង្គន់ និងបានយកដៃស្តាំច្របាច់កទារកលើកឡើងលើមួយសន្ទុះ ក៏ដាក់កូនលើឥដ្ឋការ៉ូ ដោយអង្គុយគិតប្រមាណជាង កន្លះម៉ោងមិនឃើញកូនកំរើកមិនដឹងកូនស្លាប់ ឬរស់ទេ។ បន្ទាប់មកបានយកថង់ប្លាស្ទិក ពណ៌ខ្មៅច្រកកូនចូលចងមាត់ថង់ជិតដាក់ក្នុងសារ៉ុងយកទៅបោះចោលក្នុងទឹកប្រឡាយក៏ដើរត្រឡប់មកផ្ទះវិញ ប៉ុន្តែមិនអស់ចិត្តបានត្រឡប់ទៅមើលវិញ ឃើញថង់ដាកសពកូនមិនលិចទឹកក៏ស្រាយមាត់ថង់ពន្លិចក្នុងទឹក រួចងូតទឹកសម្អាតខ្លួន និងធ្វើការនៅរោងចក្រម្តុំផ្សារសៀមរាបជាធម្មតា។

ស្ត្រីតិរិច្ឆានដែលដាច់ចិត្តសម្លាប់កូនបង្កើតដែលទើបនឹងសម្រាលថ្មីៗនេះ បានសារភាពទៀតថា «ចំពោះមូលហេតុនាំឱ្យខ្លួនសម្រេចចិត្តសម្លាប់កូនដែលខំពរពោះអស់ជាច្រើនខែនោះ ព្រោះខឹងនឹងប្តីហេងស៊យរបស់ខ្លូនមិនទទួលស្គាល់ជាកូនរបស់គេ និងភ័យខ្លាចបែកការណ៍ដល់ក្រុមគ្រួសារ ឪពុកម្តាយ បងប្អូននៅឯកស្រុកកំណើតដឹងមានទំនាក់ទំនងស្នេហ៍រហូតមានកូនជាប្តីអត់រៀបការ ទើបសម្រេចចិត្តសម្លាប់ចោលរួចយកទៅបោះចោលក្នុងទឹកប្រឡាយបែនបនេះ។

   បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕