2023-06-22 10:06
167

 

រាជធានីភ្នំពេញ ៖ ក្នុងសភាព ហើមទៅហើយ តាំងពីវេលាម៉ោង៧ព្រឹក រហូតដល់ម៉ោងជាង៩ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ច អាចរកបាន ទូករបស់ប្រជានេសាទ អូសសពមកធ្វើកោសល្យវិច្ច័យពិនិត្យនៅបរិវេណមុខវត្តព្រែកប្រា មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកទន្លេបាសាក់ត្រើយខាងកើត នៅចំណុចផ្លូវ៣៦៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


សូមបញ្ជាក់ថា ចំពោះសពបុរសខាងលើនេះ មុនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ភេទប្រុស ហើយក៏មិនដឹងថា ជនជាតិអ្វីនៅឡើយ សម្បុរ ស ពាក់អាវដៃខ្លី ស្លៀកខោជើងវែង ពាក់ស្បែកជើងក្រវ៉ាត់ជាប់នឹងជើងទាំងសងខាង, ពេលផ្អៀងសព និងសង្កត់ពោះមានទឹកហូរចេញតាមមាត់ និងច្រមុះ, នៅក្នុងមាត់ ចុងក្រចកដៃជើងមានកំអែលភក់, សាកសពមានសភាពរឹង ធំក្លិនស្អុយ ។
នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល លោកវរសេនីយ៍ទោ ពិន សូដែន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានរាយការណ៍មកការិយាល័យ និងតាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យបានចាត់តាំងកម្លាំងជាបន្ទាន់ចុះទៅកន្លែងកើតហេតុ ហើយបើតាមការពិនិត្យកន្លែងកើតហេតុ ពិនិត្យសព និងព័ត៌មានប្រមូលបាន រួមទាំងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារលង់ទឹក មិនពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីនោះទេ និងបានដឹកសពយកទៅតម្កល់វត្តច្បារអំពៅ ស្រាវជ្រាវរកសាច់ញាតិមកទទួល ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕