2024-03-05 11:03
51

សៀមរាប៖ រថយន្តក្រុងដឹកអ្នកទេសចរ ចំនួន ០៤គ្រឿង បានផ្ទុះឆេះបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណតរថយន្តមុខប្រាសាទអង្គវត្តទាំងព្រលឹមអុលបង្កឲ្យមនុស្សម្នាក់ បានរងរបួស ចំពោះមូលហេតុមិនទាន់មានការបញ្ជាក់ជាក់លាក់នៅឡើយទេ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើ កើតឡើងនៅព្រឹកព្រហាមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុចចំណតរថយន្តមុខប្រាង្គប្រាសាទអង្គវត្ត ក្រុង-ខេត្តសៀមរាប។
ចំពោះហេតុការណ៍ដ៏អាក្រក់នេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្ដាលឱ្យមានមនុស្សម្នាក់រងរបួសធ្ងន់ និងខូចខាតរថយន្តទេសចរណ៍ ចំនួន ០៤គ្រឿង។ សមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុដែលនាំឲ្យផ្ទុះឆេះនេះទេ ព្រោះកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ។

ក្រុមការងារ msj tv បានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមជាមួយលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញហេតុការណ៍នៃការផ្ទុះរថយន្តក្រុងទាំង ០៤គ្រឿង ប៉ុន្តែមិនទាន់មានការឆ្លើយតបឡើយ៕