2023-10-05 10:10
279

ភ្នំពេញ ៖  ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣នេះបានចេញសេចក្តីបំភ្លឺ បន្ទាប់ពីរូបភាពមួយត្រូវបានគេចែករំលែកតាមរយៈបណ្តាញសង្គមយ៉ាងព្រោងព្រាតពីករណីសិស្សកំពុងរៀនក្នុងរោងដោលនិងមានទឹកលិចត្រឹមជង្គង់រួចមក។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថា៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។|

ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀន និងរៀនជាធម្មតា។

 ក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និង មានរោងដោល ១ខ្នង ១០បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់ និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀន គឺ សាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យ ជាដើម។

 ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សាក្រសួងអប់រំ យុវជន និងកីឡាសម្រេច សាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ។ 

ក្រសួងក៏បានបញ្ជាក់បន្ថែមថា ដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យ តម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់អគារសិក្សាជាច្រើន រួមទាំងអគារសិក្សារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែរ៕