2023-04-24 05:04
575

ស្វាយរៀង៖ ស្ត្រីវ័យក្មេងម្នាក់ បានស្លាប់បន្ទាប់ពីសម្រាកកូនដំបូង នៅមណ្ឌលសុខភាពមុខដា ដោយសារស្ថានភាពមិនប្រក្រតីធ្លាក់ឈាមខ្លាំងទើបបញ្ជូនជាបន្តបន្ទាប់ទៅមន្ទីរពេទ្យបង្អែករមាសហែក អាការៈនៅតែមិនល្អបញ្ជូនទៅមន្ទីរខេត្តស្វាយរៀង និងបានបញ្ជូនទៅមន្ទីរពេទ្យថ្នាក់នៅតែមិនអាចសង្គ្រោះបានក៏ស្លាប់បន្សល់ទុកកូនតូចឲ្យកំព្រាម្តាយតែម្តង។

ករណីស្ត្រីម្នាក់ស្លាប់បន្ទាប់ពីសម្រាកកូនខ្ចីនេះ កើតឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះ នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែកខេត្តស្វាយរៀង។ 

បន្ទាប់ពីការផ្សព្វផ្សាយតាមបណ្តាញសង្គម មន្ទីរសុខាភិបាលខេត្តស្វាយរៀង ចេញលិខិតបំភ្លឺ ស្តីពីស្ត្រីដែលមានការធ្លាក់ឈាមក្រោយសម្រាលកូនរួច និងបានទទួលមរណៈភាពនៅមន្ទីរពេទ្យថ្នាក់ជាតិ ក្រោយពីក្រុមគ្រួសារស្ត្រីរងគ្រោះស្លាប់ដោយសម្រាលកូនធ្លាក់ឈាមច្រើន បានរិះគន់ថាមកពីការយឺតយ៉ាវរបស់គ្រូពេទ្យនៅមណ្ឌលសុខភាព មុខដា បញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះបន្តមិនទាន់ពេលវេលា។

ពាក់ព័ន្ធករណីស្ត្រីវ័យក្មេងសម្រាកកូនខ្ចីស្លាប់ដោយសារធ្លាក់ឈាមច្រើននេះ ត្រូវបានក្រុមគ្រួសារស្តីបន្ទោសដល់ក្រុមគ្រួពេទ្យមណ្ឌលសុខភាព បញ្ជូនប្អូនស្រីរបស់ខ្លួនទៅសង្គ្រោះយឺតយ៉ាវពេកទុករហូតស្ថានភាពធ្ងន់ធ្ងរជួលលេងបានទើបបានបញ្ជូនបន្តបន្ទាប់។ ក្រុមគ្រួសាររងគ្រោះសំណូមពរដល់ក្រុមគ្រួពេទ្យគួរយកចិត្តទកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីកុំដូចសាច់ញាតិគាត់ដែលបានទៅដោយគ្មានថ្ងៃវិលត្រឡប់បែបនេះ គឺជាវិបដិសារីបំផុត។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ មន្ទីរសុខាភិបាលបានបកស្រាយថា ស្រ្តីឈ្មោះ ហាយ សារ៉ាន់ អាយុ ២៦ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង បានមកទទួលសេវាសម្រាលកូននៅ មណ្ឌលសុខភាពមុខដា វេលាម៉ោង ០៦និង១០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងស្ថានភាពឈឺពោះសម្រាលកូន មាត់ស្បូនបើកជិតអស់ (8cm) និងមានសញ្ញាបម្រុងក្រឡាភ្លើង ត្រូវការការជួយសង្គ្រោះបន្ទាន់។

មន្ទីរសុខាភិបាល បានឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យបានធ្វើការសម្រាល និងជួយសង្គ្រោះទៅតាមបច្ចេកទេសដោយទទួលបានកូនប្រុសមួយមានទម្ងន់ (1,8Kg) នាវេលាម៉ោង ០៦និង៤៧នាទីព្រឹកថ្ងៃ ខែ ឆ្នាំដដែល។ ក្រោយសម្រាលកូនរួចស្ដ្រីខាងលើមានអាការធ្លាក់ឈាមធ្ងន់ធ្ងរ គ្រូពេទ្យបានបន្តជួយសង្គ្រោះនៅមណ្ឌលសុខភាព តែស្ថានភាព ស្ត្រីរងគ្រោះនៅបន្តធ្លាក់ឈាមច្រើន ក៏បញ្ចូនមកមន្ទីរពេទ្យបង្អែករមាសហែក ដើម្បីធ្វើការសង្គ្រោះបន្តទៀត។ 

មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបកស្រាយទៀតថា ក្រោយការសង្គ្រោះរបស់ក្រុមគ្រូពេទ្យ ស្ថានភាពមិនប្រសើរក៏បានបន្តបញ្ចូនដោយរថយន្តគិលានសង្គ្រោះមកមន្ទីរពេទ្យខេត្តស្វាយរៀង។ ក្រោយពីការសង្គ្រោះដោយយកចិត្តទុកដាក់នៅមន្ទីរពេទ្យខេត្តស្វាយរៀង ដែលបានបញ្ចូលឈាមអស់ ចំនួន ០៩កំប្លោក និងធ្វើការសង្គ្រោះ ព្យាបាលទៅតាមបច្ចេកទេស ប៉ុន្តែស្ថានភាពអ្នកជំងឺនៅតែមិនប្រសើរ ក្រុមគ្រូពេទ្យក៏សម្រេចចិត្តបញ្ជូនបន្តទៅមន្ទីរពេទ្យថ្នាក់ជាតិនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣៕