2024-02-10 02:02
67

នាព្រឹកថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ​។ 

 ជាកិច្ចចាប់ផ្តេីម​ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា​បានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជាបន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយ​សម្ភារៈផ្សេងៗ ដល់មន្ត្រីនគរបាលជាតិ​ កម្ពុជា។ 

 ជាការឆ្លេីយតប​ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល តាមរយៈការផ្ដល់អាហារូបករណ៍រយៈពេលខ្លី-វែង ទៅសិក្សាជំនាញផ្សេងៗ​នៅប្រទេសឥណ្ឌាជូនមន្ត្រីនគរបាលកម្ពុជា។

 លោកជំទាវបណ្ឌិតក៏បានអបអរសាទរជូន​ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងកោតសរសើរចំណាត់ការប្រកប ដោយប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន​ សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាពិសេស បង្កើនទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរមកប្រទេសកម្ពុជា៕