2024-02-19 01:02
65

បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុជ វិតី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍។ 

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យបានប្រើប្រាសឯកសណ្ឋានដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុង ភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។  

ប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតវត្ថុតាងឯកសណ្ឋានពណ៌ទឹកប៊ិច មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន ០១កំប្លេរ, ស្បែកជើងកវែងចំនួន ០១គូរ,  ស្បែកជើងកខ្លី ចំនួន ០១គូ, មួកឆាងពណ៌ទឹកប៊ិច ចំនួន២, មួកប៉េរ៉េចំនួន០១, ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន០១,  ខ្សែក្រវ៉ាត់ធំ (ស៊ិនណារ៉ុង) ចំនួន០១, វិទ្យុទាក់ទង ម៉ាកម៉ូតូរ៉ូឡា  ចំនួន ០១គ្រឿង, អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន០១, ពិលពណ៌ខ្មៅ ចំនួន០១, ខ្សែបន្ទោងសម្រាប់ដាក់កាត ចំនួន ០១, កាបូបស្ពាយពណ៌ខ្មៅ ចំនួន ០១, កាបូបដាក់ប្រាក់ ចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន០១សន្លឹក។

លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុក  បានឱ្យដឹងថាកាលពីថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានទទួលព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រថាមានករណីប្រើប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថនៅចំណុចខាងលើ និង បានស្នើសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេកចុះទៅពិនិត្យ។ 

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និងបាននាំឈ្មោះ គុជ វិតី មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ។ 
ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថពិតប្រាកដមែន ហើយខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនផងដែរ។ 

ដោយផ្អែកលើចម្លើយសារភាព និងមានឯកសណ្ឋានដែលជាវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជន សង្ស័យត្រូវបានកម្លាំងជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តនាព្រឹកថ្ងៃអាទិត្យទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕