2024-01-06 10:01
76

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីកិច្ចការងារអភិរក្ស។ នេះជាការបញ្ជាក់ពីខាងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ។ 

លោក សោម កក្កដា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក្រុមការងារលោកតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មក បានចុះមកទួលប្រាសាទគោកបល្ល័ង្គ។ បន្ទាប់ពីមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ រាយការណ៍អំពី ការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។ លោកថា បច្ចុប្បន្នក្រុមការងារមានសមាជិកជាង២០នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបទ្រុបសម្អាតនៅជុំវិញទីតាំងទួលបុរាណនៃប្រាសាទគោកបល្ល័ង្គ និងកាយយកអាចម៍ដីដែលចាក់លុបចេញពីទីតាំងកសិន្ធុ។ កិច្ចការងារនេះ គ្រោងនឹងចំណាយពេលវេលា៣០ថ្ងៃទើបរួចរាល់។

លោកបានបន្តថា ៖ នៅលើទីតាំងទួលនៃប្រាសាទនេះ ឃើញមាននៅសេសសល់មេទ្វារ បល្ល័ង្គ និងចម្រឹងបង្អួចខ្លះៗ ក្រុមការងារនៅមិនទាន់កំណត់អំពីសម័យកាលនៃការសាងសង់ប្រាសាទនៅឡើយ។ ប៉ុន្តែ បន្ទាប់ពីការងារសម្អាតរួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងស្តារកសិន្ធុជុំវិញនោះ ដើម្បីកិច្ចការងារអភិរក្ស។

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក សោម កក្កដា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីទួលបុរាណទាំងអស់ សូមចូលរួមថែរក្សា និងកុំចោលសំរាម កុំរំលោភបំពាននៅលើទីតាំងទាំងនោះ ចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរបានបន្សល់ទុក៕