2024-01-12 12:01
93

ភ្នំពេញ៖ មន្ត្រីនគរបាល ចំនូន ០២រូប បានស្លាប់ភ្លាមៗ និងមនុស្ស ចំនួន ០៣នាក់ទៀតបានរងរបួងធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្ត ០២គ្រឿង បានបុកគ្នា រួចក្រឡាប់ជាច្រើនត្រឡប់។

សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ខាងលើ បានកើតឡើង នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ បានឲ្យដឹងងថា ហេតុការណ៍គ្រោះដ៏រន្ធត់នេះ កើតឡើងរវាងរថយន្ត ០២គ្រឿង បុកគ្នាពេញមួយទំហឹង ក្នុងនោះ មានរថយន្ត ម៉ាក LEXUS RX350 ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 0393 ប៉ះគ្នាជាមួយរថយន្ត Camary ភ្នំពេញ 2BN-7915 រថយន្ត ទាំង ២គ្រឿងខ្ទេចទាំងសងខាង។  

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ហេង សុីថារ៉ូ ភេទប្រុស អាយុជាង ៣០ឆ្នាំ ជាមន្រ្តីនគរបាល មានតួនាទីជាអធិការរងស្រុកកៀនស្វាយ និង ទី២- ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុជាង ២០ឆ្នាំ មានតួនាទីជានាយរងប៉ុស្ថិ៍ដីឥដ្ឋ ដែលជិះក្នុងរថយន្ត LEXUS។ 
    
ក្រោយមក សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅបានធ្វេីការពិនិត្យជុំវិញទីតាំងកើតហេតុរួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញឱ្យមកធ្វេីការវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមនីតិវិធី ។ 

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ និងប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕