2023-06-15 04:06
381


ភ្នំពេញ ៖  រថយន្តកុងតឺន័រមួយគ្រឿងកំពុងបេីកបត់ត្រឡប់ក្រោយ ស្រាប់តែមានបុរសម្នាក់បើករថយន្តLEXUS RX 350 ពាក់ផ្លាកលេខនគរបាលយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តពីក្រោយបណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងៗ ខណៈដែលតៃកុងរថយន្តរងរបួសស្រាល ។ 


   គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើស្ពានផ្លូវលេខ២១៧ ក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
   បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខ បើកបរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ត្រឡប់ក្រោយវិញ ស្របពេលនោះក៏មានរថយន្ត LEXUS RX 350មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខនគរបាល2-5201បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តកុងតឺន័រផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរថយន្តLexus ក្រឡាប់ផ្ងារជើងច្រងាង រងការខូចខាតស្ទើរទាំងស្រុង ។ ភ្លាមនោះក៏មានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយសង្គ្រោះយកអ្នកបើកបរចេញពីរថយន្ត តែសំណាងល្អអ្នកបើកបរមិនមានរងរបួសនោះទេ។ ចំណែករថយន្តកុងតឺន័របានបើកបន្តទៅមុខទៀតបាត់ស្រមោលតែម្ដង ។

   ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍បានចុះមកដល់ ដោយបានពិនិត្យជាក់ស្ដែងឃេីញថាមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបសមត្ថកិច្ចសម្រេចឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទួចយករថយន្តបង្កចេញពីកន្លែងកេីតហេតុដោយខ្លួនឯង ៕