2024-03-19 10:03
50

ខេត្តកំពតៈ  សមត្ថកិច្ចនគរបាលក្រុងកំពត កាលពីយប់ចុងសប្តាហ៍កន្លងទៅនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញា ដើរលួចកាត់ខ្សែភ្លើងដ៏សកម្មតាមបណ្តាខេត្ត នានា ។សមត្ថកិច្ចប្រាប់ថាជនសង្ស័យខាងលើនេះមានឈ្មោះ ម៉ៅ ព្រឹក  ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មួយរយ:កន្លងមកនេះមានសកម្មភាពចោរលួចកាត់ខ្សែភ្លើងបានកើតឡើងក្នុងទឹកដីក្រុងកំពត ក្រុងបូកគោ ស្រុកទឹកឈូ និងស្រុកឈូក ជាដើម ទន្ទឹមនិងនោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតក៏បានដាក់បទបញ្ជាដល់កម្លាំងអធិការដ្ឋានក្រុងស្រុកទាំង៤ ឱ្យបង្កើនការចុះល្បាតជាប្រចាំជាំពិសេសនៅត្រង់ចំណុចដែលមានបង្គោលភ្លើង។ ស្រាប់តែនៅវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែមីនា កម្លាំងនគរបាលក្រុងកំពតបានប្រទះឃើញជនសង្ស័យម្នាក់បម្រុងធ្វើសកម្ម ភាពលួចកាត់យកខ្សែភ្លើងនៅចំណុចត្រង់ហ្វូខាងក្រោយអនុវិទ្យាល័យឌីប៉ុក   មហាសាមគ្គី ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ សមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។ 

ជាមួយនិងការឃាត់ខ្លួននេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូមួយគ្រឿងម៉ាកនិកពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1CU-3689 កន្រ្តៃកាត់ដែក១ដើម កាំបិតកាត់ខ្សែភ្លើង១ដើម និងផ្លែកាំបិតតូចធំចំនួន៩បន្ទះផងដែរ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចខ្សែភ្លើងពិតប្រាកដមែន ហើយកន្លងទៅក៏ធ្លាប់ដើរធ្វើសកម្មភាពលួចកាត់ខ្សែ ភ្លើងនៅ ក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ ផងដែរ។

ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។