2024-02-12 03:02
97

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរសម្នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូនិងអ្នកដើរថ្មើជើងនៅស្រុកកំពង់រោទ៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី ១១ខែកុម្ភៈ ឆ្នាំ ២០២៤  លើផ្លូវកៅស៊ូលេខ 3SVR នៅត្រងចំណុចភូមិគគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទ៍។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះ រាជ សុធា អាយុ ៤៥ ឆ្នាំ (ជាជនសតិមិនគ្រប់) មានទីលំនៅបច្ចុប្បន្ន ភូមិគគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ឃឹម ខៃ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ពាក់ស្លាកលេខស្វាយរៀង1S.២២២៣ ខូចខាតយ៉ាងដំណំ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ស្វាយរៀង1S.២២២៣ ដោយធ្វើដំណើរ ពីជើងទៅត្បូង ខណៈនោះស្រាប់តែមានបុរសម្នាក់ ដែលគេស្គាល់ ជាជនសតិមិនគ្រប់បានដើរថ្មើជើងមិនប្រយ័ត្ន ពីត្បូងទៅជើង នៅតាមផ្លូវក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន វត្ថុតាងម៉ូតូ សមត្ថកិច្ចវាស់វែងនិងអូស យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃធំ រីឯសពបានប្រគល់ជូនបងប្អូនធ្វើបុណ្យតាមប្រពៃណី ចំណែក អ្នករងរបួសត្រូវបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ៕