2023-07-11 04:07
407

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ចំនួន ០៥រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំឲ្យបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យបានឆាប់រហ័ស ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង។

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសជម្រាបដល់ឥស្សរជន ០៥ រូប ដែលមិនទាន់បានបញ្ជូនឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល មកជូនអង្គភាពប្រឆាំងអំពើពុករលួយ ឬក៏បានបញ្ជូនមកដែរ តែមិនដឹងថាទើរនៅកន្លែងណា ទើបមិនទាន់ឃើញមកដល់អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាត្រួតពិនិត្យឡើងវិញ អំពីការបញ្ជូនឯកសារនេះ ឱ្យបានឆាប់តាមការគួរ។

ចំពោះឥស្សរជនទាំង  ០៥រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាក្រុមជនបង្គោលប្រចាំក្រសួងការពារជាតិ ,ក្រសួងមហាផ្ទៃ ,ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអាចទាក់ទងបាន (អាចចេញទៅនៅ បរទេស?) រូមមាន៖

១- ឧត្ដមសេនីយ៍ត្រី ទី ស៊ីណាត នាយរងការិយាល័យ នៃបញ្ហាការដ្ឋានកងទ័ពជើងគោក។

២- ឧត្តមសេនីយ៍ត្រី លឹម សៀង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងមហាផ្ទៃ។

៣- លោកស្រី ផាយ សៀកលី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងធម្មការ និងសាសនា។

៤- ឯកឧត្តម Divay Gupta ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

៥- ឯកឧត្តម Philippe Delanghe ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា ការមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ មាត្រា ៣៨ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាព ប្រឆាំងអំពើពុករលួយ។  ACU បានបញ្ជាក់ទៀតថា ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕