2023-07-04 06:07
159

 

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរស២នាក់រងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងរថយន្តនឹងម៉ូតូនៅស្រុកចន្ទ្រានិងស្រុករមាសហែក។


សមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៣ នៅលើផ្លូវលេខ៣១៦A  ស្ថិតក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង មានបុរសឈ្មោះ សែប លីស អាយុ៣០ឆ្នាំ មុខរបរយោធា  មានទីលំនៅភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានបើករថយន្តម៉ាកតូយូ៉តា (ព្រូស) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-0177ដោយធ្វើដំណើរពីទិសខាងកើតទៅលិច វ៉ាជែងខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1P- 9636បើកបរដោយឈ្មោះ ពេជ្រ គាន់ថៃ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានបងប្អូនដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យបង្អែកជីភួក្រុងបាវិត។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣  លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ត្រង់ចន្លោះគីឡូម៉ែត្រលេខ26-27 ស្ថិតត្រង់ចំណុចភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង មានបុរសម្នាក់ឈ្មោះ គង់ រ៉ែម  អាយុ 59ឆ្នាំ មុខរបរកសិករ  រស់នៅភូមិតាសួស ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូ មួយគ្រឿងម៉ាក CITY កូរ៉េ សេ100 ពណ៌ព្រីងទុំ គ្មានស្លាកលេខ (គ្មានភ្លើងបំភ្លឺផ្លូវ) ធ្វើដំណើរពីទិសខាងត្បូងមកជើង ស្រាប់តែមានរថយន្តមួយគ្រឿងដែលពុំស្គាល់ម៉ាកនិងអត្តសញ្ញាណបើកពីទិសខាងត្បូងទៅជើងបុកពេញទំហឹងលាន់សូរដូចរន្ទះ។
ក្រោយកើតហេតុអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលបានបើកគេចពីកន្លែងកើតហេតុបាត់ភ្លាមៗតែម្ដង។ចំណែកអ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកផងដែរ៕