2023-09-26 12:09
171

(កោះកុង)៖ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង បានកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បងនូវ «កំពង់ផែកោះកុង» ឬពាក្យបច្ចេកទេសបរទេសហៅថា កោះកុងផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ការដាក់ឱ្យសាកល្បងកំពង់ផែកោះកុងនេះធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងការទទួលស្វាគមន៍នាវាទី១ចូលមកកាន់កំពង់ផែនេះ ដោយមានការចូលរួមដោយលោក កាវ លាំង (Kao Liang) តំណាងក្រុមហ៊ុនកោះកុងផតមេនេចម៉ិន ឯ.ក ឧត្តមសេនីយ៍ទោ អាន ស្រៀង នាយកដ្ឋាននគរបាលព្រំដែនទឹក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានការចូលរួមពីមន្ទីរ ស្ថាប័នជំនាញ។

លោក កាវ លាំង តំណាងក្រុមហ៊ុន បានលើកឡើងថា កំពង់ផែកោះកុងរបស់ក្រុមហ៊ុនលោកនេះ បានធ្វើឱ្យការទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិន ដើម្បីភាពរីកចម្រើនគ្រប់ផ្នែកវិស័យ និងមានការសហការដ៏រឹងមាំរវាងប្រទេសទាំងទ្វេ។

លោកស្រី អ៉ី នារីនេត បានថ្លែងថា កំពង់ផែកោះកុងផតមេនេចម៉ិន ឯ.ក នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ៤៨ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ចាំបាច់ភ្ជាប់ពីក្រុងខេមរភូមិន្ទទៅកាន់ផ្លូវជាតិលេខ៤ (កំពុងដំណើរការជួសជុលកែលម្អ លើកកម្ពស់គុណភាព)៕