2024-01-19 02:01
82

បន្ទាយមានជ័យ៖     ក្រោយផ្ទុះរឿងអាស្រូវផ្ទៃក្នុងដ៏ក្តៅគគុករបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមាន រហូតមន្ត្រីថ្នាក់ជាតិចុះធ្វើអធិការកិច្ច និងស្រាវជ្រាវ ពេលនោះដំណោះស្រាយត្រូវបានបញ្ចប់ជាស្ថានពរ ត្រូវថ្នាក់លើដកដណែង ប្រធានមន្ទីរ អនុប្រធានមន្ទីរ ចំនួន ០៥រូប និងប្រធានការិយាល័យ ០២រូប ឱ្យមកអានកាសែតនៅក្រសួង។

តាមប្រភពគួរឱ្យទុកចិត្តបានបង្ហើបឱ្យដឹងថា លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី អនុប្រធាន និងប្រធានការិយាល័យ សរុបចំនួន ០៨នាក់ ត្រូវបានថ្នាក់លើសម្រេចដកចេញពីមុខដំណែងបន្ទាប់ផ្ទុះរឿងរ៉ាវបែកបាក់សាមគ្គីភាពផ្ទៃក្នុង ព្រោះតែរឿងផលប្រយោជន៍បុគ្គល និងបក្ខពួកនិយមឱ្យមកបម្រើការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី ព្រមទាំងបានចាត់តាំងមន្ត្រីជាន់ខ្ពស់សាលាខេត្តបន្ទាយមានជ័យម្នាក់ ជាប្រធានស្តីទី ដើម្បីដឹកនាំការងារជាបណ្តោះអាសន្នរងចាំមានការសម្រេចសារជាថ្មី។

លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតក្នុងស្រុកថា «ក្រោយផ្ទុះរឿងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ នាំគ្នាផ្តិតមេដៃតវ៉ាស្នើសុំទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដើម្បីសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ចេញប្រធានមន្ទីរ ឥឡូវនេះ មន្ត្រីចំនួន ០៨រូប រួមមាន ប្រធានមន្ទីរ អនុប្រធាន ចំនួន ០៥រូប និងប្រធានការិយាល័យ ០២រូបទៀត ត្រូវផ្ទេរទៅបម្រើការងារនៅក្រសួងរៀបចំដែនដី»។

សូមរំឭកថា លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីក្រោមឱវ៉ាត់ប្រមូលគ្នាផ្តិតមេដៃប្តឹងទៅក្រសួង ដើម្បីធ្វើការផ្លាស់ប្តូរ ដោយសារមូលហេតុ គ្មានភាពជាអ្នកដឹកនាំក្នុងមន្ទីរ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ក្នុងខ្លួន និយាយស្តីទៅកាន់មន្ត្រីក្រោមឱវាទអសុរោះ មើលងាយមន្ត្រីក្រោមឱវាទ និងស៊ីដាច់លុយការងារមន្ត្រី ធ្វើការមិនទទួលការងារខុសត្រូវ ពេលមានរឿងទម្លាក់លើកូនចៅជាអ្នកទទួលខុសជាដើម។

ក្រោយពីផ្ទុះរឿងរ៉ាវខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានចាត់តាំងមន្ត្រីថ្នាក់ជាតិចុះធ្វើអធិការកិច្ច និងស្រាវជ្រាវ រហូតដល់មានការសម្រេចផ្លាស់ប្តូរ លោក អាង ណារិទ្ធ ប្រធានមន្ទី អនុប្រធាន និងប្រធានការិយាល័យ សរុបចំនួន ០៨រូប ឱ្យទៅបម្រើការងារនៅក្រសួងរៀបចំដែនដីតែម្តង៕