2023-12-12 10:12
110

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បង្កឡើងដោយរថយន្តដឹកជញ្ជូនប្រេងឥន្ធនៈជាមួយរថយន្តកូរ៉េដឹកកម្មករ-កម្មការិនី នៅលើផ្លូវជាតិលេខ ៤១ ដែលកំពុងស្ថាបនាឡើងវិញ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ កំពុងជួយសង្គ្រោះបន្ទាន់។

ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះកើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៥និង៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រលេខ (២៣-២៤) ក្នុងភូមិសាស្ត្រភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ បង្កឡើងរវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ ០១គ្រឿង ហើយក៏រេចង្កូតទៅបុករថយន្តដឹកកម្មករ-កម្មការិនីរោងច្រកដែលមានមនុស្សជិះប្រហែល ៥០នាក់ទៀត។

របាយការណ៍បឋមរបស់នគរបាល បានឥ្យដឹងថា មានជនរងគ្រោះរងគ្រោះស្លាប់ ០១នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងបុកម៉ូតូ និងរថយន្តដឹកកម្មករ លេីកំណាត់ផ្លូវជាតិលេខ ៤១ ស្រុកគងពិសី និងរងរបួសកម្មករ-កម្មការិនី ជាច្រើនកំពុងតែជួយអន្ដរាគមន៍សង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុភ្លាម កម្លាំងនគរបាលបានចេញជួយអន្តរាគមន៍ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ និងសម្រួលចរាចរណ៍មិនបណ្តាលឱ្យកកស្ទះឡើយ។
ចំពោះមូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ដោយស្ថានភាពផ្លូវហុយងងឹតមេឃ ខណៈក្រុមហ៊ុនស្ថាបនាផ្លូវរបស់ចិន CRBC មិនបានស្រោចទឹកគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការហុយ ហើយរថយន្ត ឬម៉ូតូបើកបរលឿនៗមិនប្រកាន់គន្លងវ៉ាប្រជែងគ្នាក្នុងស្ថានភាពគ្រោះ ជាពិសេសដីហុយមើលគ្នាមិនឃើញទើបបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

បច្ចុប្បន្នបងប្អូនកម្មករ-កម្មការិនី រងរបួសត្រូវបានដឹកយកទៅសង្គ្រោះតាមមន្ទីរពេទ្យនានាផងដែរ៕