2023-04-28 06:04
310


ព្រះសីហនុ៖ មុខសញ្ញាចោរប្លន់ ចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបដោយឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពប្លន់យកទូរសព្ទដៃមួយគ្រឿង និងម៉ូតូរួចបានរត់គេចខ្លួនសំងំក្នុងព្រៃ ប៉ុន្តែត្រូវបានសមត្ថកិច្ចព័ន្ធមួយទល់ភ្លឺរហូតឈានដល់ការបង្ក្រាបបានតែម្តង។  


ជនសង្ស័យត្រូវបាននគរបាលចាប់ខ្លួន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតចំណុចវិថីជំទាវម៉ៅ ក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 
ជនសង្សយ័ចំនួន០២នាក់ ដែលធ្វើសកម្មភាពប្លន់ម៉ូតូ និងទូរសព្ទ័ដៃពីជនរងគ្រោះត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ ទី១- ឈ្មោះ ហ៊ន សកល ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់១ ខេត្ត-ក្រុងព្រះសីហនុ និង២- ឈ្មោះ ហ៊ន ឆាយយ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់១ ខេត្ត-ក្រុងព្រះសីហនុ។ ចំពោះវត្ថុតាងចាប់យកបាន រួមមាន៖ ទូរសព្ទដៃ ០១គ្រឿង ម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ ផលនៃអំពើចោរកម្ម ,ម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ ផលនៃអំពើចោរកម្ម ,កាំបិតចុងស្រួច ០១ដើម ឧបករណ៍ប្រព្រឹត្តិបទល្មើស ព្រមទាំងសម្ភារៈជាប់ខ្លួនមួយចំនួនទៀត។ 
សូមរំឭកថា នៅវេលាម៉ោងជាង១យប់រំលងអាធ្រាត្រ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ចំណុចវិថីជំទាវម៉ៅ ក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនសង្សយ័ទាំងពីរនាក់ បានប្លន់យកទូរសព្ទ័ដៃពីអ្នករត់ម៉ូតូកង់បីមួយគ្រឿង បន្ទាប់មកពួកបានប្រើកាំបិតចុងស្រួច ភ្ជង់ប្លន់យកម៉ូតូ ០១គ្រឿងទៀត ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ ពីជនរងគ្រោះម្នាក់ដែលជាអ្នកចាំដីចំការ។ 
ក្រោយប្លន់បានសម្រេចក្រុមជនសង្ស័យទាំង០២នាក់ បានរត់គេចលាក់ខ្លួនក្នុងព្រៃហើយត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឡោមព័ទ្ធព្រៃជនសង្ស័យរត់ចូលទៅលាក់ខ្លួន និងធ្វើការរុករករហូតដល់ម៉ោង ១០ព្រឹកទើបចាប់ឃាត់ខ្លួនបានតែម្តង។ 
ករណីនេះ កម្លាំងជំនាញរៀបកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕