2024-02-21 07:02
61

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ 
   ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ 
   លោក ជុំ សុន្ទរី រដ្ឋលេខាធិការ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា។ លោកបានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះថា ជាជំហានដ៏សំខាន់មួយទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត។ 
  ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបវារៈ និងកាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំដំបូងនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំនេះផងដែរ។ 
   ក្នុងកិច្ចពិភាក្សានេះ លោក ជុំ សុន្ទរី រដ្ឋលេខាធិការក៏បានឆ្លៀតឱកាសសម្តែងនូវការអរគុណ និងកោតសរសើរចំពោះប្រទេសកាណាដា ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ និងពាណិជ្ជកម្ម វិស័យអប់រំ ការបោស សម្អាតមីន និងវិស័យសុខាភិបាល។ 
   ដោយកត់សម្គាល់ និងពេញចិត្តជាខ្លាំងចំពោះកំណើនភ្ញៀវទេសចរកាណាដាមកកាន់ប្រទេសកម្ពុជា ដែលកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ លោករដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្ពោធស្ថានកុងស៊ុលកិត្តិយសកាណាដាប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ និងបានសម្តែងនូវការជឿជាក់ថា ការសម្រេចបើកស្ថានកុងស៊ុលកិត្តិយសរបស់កាណាដា នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង ក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ 
    ក្នុងក្របខ័ណ្ឌអាស៊ាន-កាណាដា លោករដ្ឋលេខាធិការ បានរំលឹក និងអបអរសាទរកាណាដាចំពោះការតម្លើងកម្រិតទំនាក់ទំនងដៃគូសន្ទនាជាមួយអាស៊ាន ទៅជាដៃគូយុទ្ធសាស្រ្ដ ហើយបានសន្យាថានឹងបន្តផ្តល់ការគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា រួមទាំង ការឈានទៅសម្រេចបានូវការបញ្ចប់ការចរចាលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។ 
   លោក ជុំ សុន្ទរី រដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនភាគីកាណាដា ថា៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំ និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីអនុវត្តនូវសេចក្តីសម្រេចនានារវាងភាគីទាំងពីរ។ 
  គួរកត់សម្គាល់ផងដែរថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាខាងលើនេះ ឯកឧត្តម ឈូក ប៊ុណ្ណា អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា និង លោក អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរផងដែរ៕