2023-05-12 12:05
388


បាត់ដំបង៖ ក្រុមចោរថ្លើមធំ ចំនួន០២នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះមន្ត្រីនគរបាលម្នាក់ លួចយកទ្រព្យសម្បត្តិ និងគ្រឿងអលង្កាអស់គ្មានសល់ កាលពី១០ថ្ងៃមុនពេលនេះសមត្ថកិច្ចជំនាញស្រាវជ្រាវឈាន់ការចាប់ខ្លន ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់។


មុខសញ្ញាគាស់ផ្ទះរបស់មន្ត្រីនគរបាលខាងលើ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យទាំង០២នាក់ មានឈ្មោះឈ្មោះ វ៉ាន់ សំណាង ភេទប្រុង អាយុ ២២ឆ្នាំ ត្រូវក្មួយម្ចាស់ផ្ទះរងគ្រោះ និងម្នាក់ទៀតឈ្មោះ សែន សុផុន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីផ្ទះជាប់គ្នាជនរងគ្រោះ ស្ថិតនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ ចំណែកផ្ទះរងគ្រោះដែលត្រូវចោគាស់លួចទ្រព្យសម្បត្តិមានឈ្មោះ ញឹក សុជាតា ភេទស្រី អាយុ ២៨ឆ្នាំ ជាមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនតែម្តង។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន មានករណីចោរចូលគាស់ផ្ទះរបស់មន្ត្រីនគរបាលម្នាក់ លួចយកទ្រព្យសម្បត្តិ រួមមាន៖ ខ្សែកប្លាទីន ០១ខ្សែ ,ចិញ្ចៀនប្លាទីន ០១វង់ ,កងដៃប្លាទីន ០៧វង់ និងប្រាក់ថៃចំនួន ២ម៉ឺនបាត ខណៈពេលម្ចាស់ចាក់សោរទុកចោលដោយរវុលទៅបំពេញការងារប្រចាំថ្ងៃ។
លោកវរសេនីយ៍ឯក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹថា ក្រោយពេលត្រូវឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ បានដកវត្ថុតាង ចិញ្ចៀនដាំត្បូង០១ និងខ្សែក០១ខ្សែ។ លោកបន្តថា ជនសង្ស័យទាំង០២នក់ បានសារភាពថា «ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចគ្រឿង អល័ង្ការ និងប្រាក់ចំនួន២ម៉ឺនបាតរបស់មន្ត្រីនគរបាលនោះពិតប្រាកដមែន»។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងបំពេញសំណុំរឿងឱ្យបានគ្រប់គ្រាន់ដើម្បីបញ្ជូនទៅកាន់តុលាការតាមផ្លូវច្បាប់៕