2024-02-02 09:02
214

រតនគិរី៖ នារីពេញវ័យក្រមុំជនជាតិទំពួនម្នាក់ បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានមូលហេតុ ធ្វើឲ្យឪពុកម្តាយភ័យស្លន់ស្លោ និងព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព និងបានប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកផងដែរ។ 

ភាពភ្ញាក់ផ្អើលករណីបាត់ខ្លួននាងក្រមុំជនជាតិភាគតិចទំពូននេះ កើតឡើងនីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បន្ទាប់ពីម្តាយមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកលំផាត់។ 

បុរសមានឈ្មោះ យ៉ាន ដេញ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិទំពួន ជាឪពុកក្មេងស្រីដែលបាត់ខ្លួន មានទីលំនៅ ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មានមុខរបរកម្មករ បានដាក់បណ្តឹងមកសមត្ថកិច្ចថា ខ្លួនបានបាត់កូនស្រីឈ្មោះ ដេញ ដៀម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅវេលាម៉ោង ១៥និង០០នាទី នៅត្រង់ចំណុច ការដ្ឋានទី៣ ឡូត៍៣៧ ក្រុមហ៊ុន ដូនពេញ អាហ្វ្រីកូ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ 

បុរសជាឪពុកបានរៀបរាប់ក្នុងពាក្យបណ្តឹងថា គាត់ និងប្រពន្ធបានធ្វើជាកម្មករចំការរបស់ក្រុមហ៊ុនហើយកូនស្រីនៅផ្ទះស្នាក់របស់កម្មករ ពេលត្រឡប់មកពីធ្វើការងូតទឹករួចរាល់មិនឃើញកូនស្រី ក៏ដើររក និងសួរសួរមិត្តភក្តិដែលស្គាល់គ្នាគ្មានអ្នកណាដឹងថាទៅណាទេ ទើបនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨និង៣០នាទី សម្រេចចិត្តទៅរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយស្រាវជ្រាវរកកូនស្រីតែម្តង។ 

តាមសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានប្រាប់ថា នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣នេះ ឪពុកបានហៅទូរសព្ទទៅកូនស្រីចូល និងបានលើក ប៉ុន្តែនាងមិននិយាយជាមួយឪពុកខ្លាចមានគំនាបអ្នកផ្សេងមិនឲ្យនិយាយ ឬក៏ទូរសព្ទនេះមានអ្នកផ្សេងកាន់។ 

បើតាមការស្រាវជ្រាវបឋមក្មេងស្រីរូបនេះ មានទំនាក់ទំនងស្នេហាជាកម្មករស៊ីឈ្នួលធ្វើចំការក្នុងក្រុមហ៊ុនចម្ការចេក ហើយយុវជនជាសង្សារឮដំណឹងថា មានទីលំនៅឯខេត្តស្ទឹងត្រែង អាចមិនមែនជាករណីអ្វីឡើយ៕