2024-01-23 04:01
89

(បាត់ដំបង) កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាគណៈធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន កម្ពុជា  ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមនឹង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបផងដែរ ។

នៅក្នុងឪកាសនោះឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញកិច្ចការងារ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ព្រមទាំងបានដាក់ចេញនូវផែនការ ការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤  និងបានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ បន្ថែមទៀតចំពោះគ្រួសារអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រ គ្មានផ្ទះសម្បែង  ដោយត្រៀមរៀបចំប្រគល់ផ្ទះនិងដីជូនដល់ពួកគាត់ ក៏ដូចជាធ្វើការអភិវឌ្ឍន៍ភូមិអតីតយុទ្ធជន ដែលមានទីតាំងស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

សូមបញ្ជាក់ថានៅក្នុងសន្និបាតនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានអញ្ជើញប្រកាសសមាសភាព អនុប្រធានកិត្តិយសចំនួន ០១រូប និងអនុប្រធានចំនួន០៥រូប ចំណុះឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបងផងដែរ។