2024-01-30 11:01
69

ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ម្នាក់ និងប្រជាការពារ ចំនួន ០២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនជាប់ពាក់ព័ន្ធករណីកំហែងយក ព្រមទាំងបក្ខពួកដែលសេសសល់មួយចំនួនទៀត កំពុងរត់គេចខ្លួន ។ 
    តាមប្រភព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា  ជនសង្ស័យ ចំនួន ០៣នាក់ ខាងលើ រួមមាន៖ ទី១- លោកអនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣, ទី២- ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ និង ទី៣- ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ ។ 
   អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ករណីយុវជន ០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា លូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ»។ 
   ករណីកើតមាននេះ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនឹងប្រជាការពារ ចំនួន ០២នាក់ទៀត ពីបទ «កំហែង យកប្រាក់» ។ 
   សូមជម្រាបថា កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅគោលដៅខាងមុខការាស់សាំងតេលា ផ្លូវវេងស្រេង មានករណីយុវជន ចំនូន ០៥នាក់ និយាយរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌ថា «មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូ និងគាបយកលុយ ២០ម៉ឺនរៀល ដោយសារគ្មានលុយគ្រប់ក្រុមនោះ បានដឹកទៅកន្លែងបញ្ចាំចិញ្វៀន និងទូរសព្ទដើម្បីយកលុយឲ្យពួកគេ» ។ 
   ក្រុមយុវជនរងគ្រោះ បានបញ្ជាក់ក្នុងការ LIVE ច្បាស់ៗថា «ពួកគាត់ចាំមុខច្បាស់ណាស់ក្រុមដែលស្លៀកពាក់ឯកសណ្ឋានចាប់គាត់ជំរឹតយកលុយនេះ ហើយក៏មិនមែនជាលើកទី១ដែរ ប៉ុន្តែលើកមុនៗយក២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ លើកនេះលេងឈុតធំ ព្រោះមានទ្រព្យសម្បត្តិជាប់ខ្លួន (ចិញ្ចៀន) ដឹកទៅកន្លែងបញ្ចាំដើម្បីយកលុយឲ្យពួកគេតែម្តង» ។ 
    ពាក់ព័ន្ធករណីនេះដែរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញា ដើម្បីអនុវត្តវិធានការណ៍ច្បាប់ ដោយហៅយុវជនទាំង ០៥នាក់ មកបំភ្លឺកំណត់បានមុខសញ្ញារហូតឃាត់ខ្លួនបាន ០៣នាក់ ក្នុងនោះ មានម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ និងប្រជាការពារ ០២នាក់ ។

   បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕