2023-09-25 04:09
189

ភ្នំពេញ៖ បុរសម្នាក់បានបាក់កនិងបែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តសណ្ដោងដឹកថ្មពីក្រោយពេញទំហឹងកាលពីវេលាម៉ោង ១០និង២៥នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៣ នៅត្រង់ចំណុចស្ពានអាកាសផ្លូវល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ម៉េង ហ៊ុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជួយលក់គ្រឿងបន្លាស់រថយន្តឱ្យគេមួយកន្លែង មានស្រុកកំណើតនៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តសណ្ដោងដឹកថ្មមួយគ្រឿង ក្បាលរថយន្តពាក់ស្លាកលេខភ្នំពេញ3E-7255 ចំណែកកន្ទុយរុឺម៉កពាក់ស្លាកលេខព្រះសីហនុ4A-2203 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តក៏បានឈប់ដោយមិនដឹងថាឈប់រង់ចាំភ្លើងស្តុប ឬខូចរថយន្តនោះទេ ដោយឃើញតៃកុងរថយន្តចុះមកដើរមើលរថយន្ត២ទៅ៣ជុំ  ស្របពេលនោះក៏ឃើញមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមC 125 ពណ៌ខ្មៅស៊េរីឆ្នាំ 2015 ពាក់ស្លាកលេខពោធិ៍សាត់1B-7757 ធ្វើដំណើរស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តដឹកថ្មពីក្រោយពេញទំហឹងបណ្ដាលឱ្យបាក់កនិងបែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ភ្លាមនោះតៃកុងរថយន្តឃើញសភាពមិនស្រួលបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕