2023-04-04 03:04
375

ខេត្តព្រះសីហនុ- នគរបាលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធនឹងបទល្មើស វាយកញ្ចក់រថយន្តលួចយកលុយ និងសម្ភារៈមានតម្លៃ ពីប្រជាពលរដ្ឋ និងលួចដោះយកផ្លាកលេខរថយន្ត។ 

     លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅថ្ងៃត្រង់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្រុមជនសង្សយ័បានវាយកញ្ចក់រថយន្តលួចយកលុយ និងសម្ភារៈមានតម្លៃ ពី រថយន្តរបស់ប្រជាពលរដ្ឋ ដែលចតទុកនៅទីនោះ រួចលួចយកកាបូបលុយរបស់ប្រជាពលរដ្ឋដែលដាក់នៅក្នុងរថយន្ត ក្នុងកាបូបនោះមាន៖

 -លុយខ្មែរចំនួន ២០,០០០,០០០៛ (ម្ភៃលានរៀល)

   -លុយប្រទេសអាស៊ានចំរុះគ្រប់ប្រភេទមួយចំនួនរួមឯកសារ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

  បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយ៌ទោស្នងការ បានបញ្ជាកម្លាំងនគរបាលធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង ៣០នាទី ព្រឹកទ់បធ្វើការបង្ក្រាបបានទាំងស្រុង ដោយចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស ជាជនជាតិចិន នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

    -ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះដូចខាងក្រោម៖

      ១-ឈ្មោះ SHEN AO ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ០៦-០៦-១៩៨០ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

      ២-ឈ្មោះ JIN CHANGGE ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ០១-០១-១៩៦៧ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

      ៣-ឈ្មោះ LI HONGYUAN ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ១០-០៦-១៩៦៧ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    +វត្ថុតាងចាប់យកបាន៖

    -លុយខ្មែរចំនួន ២០,០០០,០០០៛ “ម្ភៃលានរៀល” (ផលនៃអំពើចោរកម្ម)

   -លុយប្រទេសអាស៊ានចំរុះគ្រប់ប្រភេទមួយចំនួន (ផលនៃអំពើចោរកម្ម)

    -ផ្លាកលេខរថយន្ត ០២គូ (ផលនៃអំពើចោរកម្ម)៖

      ១-បាត់ដំបង 2D-9008

      ២-កែប 2B-2122 ។

    -រថយន្ត ០១គ្រឿង ម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៧ ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2BH-1287 (មធ្យោបាយ) រួមនឹងសម្ភារៈ វត្ថុតាងមួយចំនួនទៀត។

    បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពវាយកញ្ចក់រថយន្ត លួចយកកាបូបលុយសម្ភារៈនិងលួចដោះយកផ្លាកលេខរថយន្ត សរុបចំនួន ០៥លើក ក្នុងនោះមាន៖ 

   វាយកញ្ចក់រថយន្ត លួចយកកាបូបលុយ និងសម្ភារៈចំនួន ០៣លើក៖

    -លើកទី១ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវឆ្នេរឯករាជ្យ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

    -លើកទី២ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចឆ្នេរអូរត្រេះ ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    -លើកទី៣ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

  លួចដោះយកផ្លាកលេខរថយន្តចំនួន ០២លើក៖

    -លើកទី១ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ (កែប 2B-2122) នៅចំណុចក្រុមទី៨ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    -លើកទី២ នៅអំឡុងចុងខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ (បាត់ដំបង 2D-9008) នៅខេត្តបាត់ដំបង ។

    ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕