2023-04-09 11:04
371

សៀមរាប៖ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ដែលខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍នេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បានពង្រីកទីតាំងលេងកម្សាន្ត ០៦ទីតាំង និងមានល្បែងលេងកម្សាន្ត ចំនួន៤៤ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត ចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរឱ្យរុងរឿងឡើងវិញ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នេះ​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ខេត្តសៀមរាប អមដំណេីរឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាពិនិត្យវឌ្ឍនភាពការសាងសង់សំណង់នានា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ២០១៣ កន្លងមក ក៏ដូចជាឆ្នាំ២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរឱ្យរុងរឿងឡើងវិញ។ ក្នុងនោះការសាងសង់សំណង់នានាក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា "ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ និងមកទល់បច្ចុប្បន្នឆ្នាំ២០២៣ ជាស្មារតីរួម គឺការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយរចនាបទខ្មែរក៏ដូចគ្នាដែរ អញ្ចឹងហើយនៅទិដ្ឋភាព និងទីតាំងនីមួយៗ យើងតែងតែធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ នៃសាលាវិចិត្រសិល្បៈ"។

ឯកឧត្តមបនហតទៀតថា "ដែលគ្រប់រចនាបទរបស់យើងដូចជា ទីតាំងដែលយើងកំពុងឈរនៅទីនេះ គឺភូមិខ្ញុំ ក្នុងទីលានជល់ដំរី មុខប្រាសាទបាយ័ន គឺយើងគិតគូរថា សម័យកាលណា ហើយយើងសម្លៀកបំពាក់បែបណា ដំបូលរបៀបម៉េច?  ពេលខ្លះយើងមានសម័យកាលតែមួយ ឬលើសពីមួយទាំងអស់នេះ គឺយើងតែងតែឆ្លងយោបល់សួរនាំ និងតែងមានការណែនាំពិគ្រោះយោបល់ពីលោកគ្រូ អ្នកគ្រូ សាលាវិចិត្រសិល្បៈជាមុនសិន។ មុននឹងយើងសម្រេចការសាងសង់ជារចនាបទឱ្យស្របទៅនឹងដំណាក់កាល ដោយសារជាព្រឹត្តិការនេះលើកស្ទួយរបៀបរបបប្រពៃណីវប្បធម៌ យើងត្រូវធ្វើទៅតាមរចនាបទស្ទើរតែទាំងស្រុងក្នុងការយកគំរូតាមអ្វីៗដែលជារចនាបទខ្មែរ​ ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរឧទាហរណ៍ដូចជានៅត្រពាំងសេះ ដែលមានតំបន់តោះៗលេងទឹកឬក៏អ្វី ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទខ្មែរទេ“​។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍នេះ ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានពង្រីកទីតាំងលេងកម្សាន្តដល់ទៅ៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ ៤៤ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត។

ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងទៀតថា ក៏មានយុវជនស្ម័គ្រចិត្តជាង៥ពាន់នាក់មកចូលរួមផងដែរ៕