2023-07-09 09:07
386


កំពង់ស្ពឺ៖ បុរស ០២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ម៉ូតូ ០២គ្រឿង បើកបុកម៉ូតូគ្នាទាំងពេញមួយទំហឹងស្ថិតលើផ្លូវលេខ១៣០ ភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពីវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នេះ។ 


    នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុត សម្ភ័ស្ស ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង បើកបរម៉ូតូ ០១គ្រឿង ម៉ាកហុងដា C125 សេរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-0702 ធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច មកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូ ០១គ្រឿងទៀត ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1IE-1780 បើកបរដោយឈ្មោះ នៅ ចាន់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិដុតកំបោរ ឃុំព្រះនិព្វាន ស្រុកគងពិសី បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា និងបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ 
     ក្រោយកើតហេតុមន្ត្រីជំនាញបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងម៉ូតូទាំង ០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសីរងចាំដោះស្រាយនៅពេលក្រោយ៕