2024-02-15 01:02
66

បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឯកភ្នំបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាព កាប់យុវជនម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ៧និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែក      នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឃន ចំរើន ហៅ ងិត ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀនរស់នៅក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ សោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជនរងគ្រោះត្រូវបានជនសង្ស័យកាប់ចំសៀតផ្កា លើត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់ ភ្លាមៗខណះ កំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្តិ កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដើម្បីសាកសួរ និងរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះក្រុមគ្រួសាររៀបចំចាត់ចែងធ្វើុបុណ្យតាមប្រពៃណី ។