2024-02-19 01:02
86

មានពាក្យតំណាលតៗគ្នាមកថាស្នេហាមិនប្រកាន់វ័យ ឲ្យតែមានក្តីសុខ បើយោងតាមវចនានុក្រមខ្មែរសម្តេចសង្ឃ ជួន ណាត បានបញ្ចេញអត្ថន័យនៃពាក្យស្នេហាថាជាសេចក្តីស្រឡាញ់ស្និទ្ធ  ឬ សេចក្តីស្រឡាញ់ជាប់ចិត្តស្អិតដូចជ័រ ប៉ុន្តែទោះយ៉ាងនេះក្តី អ្វីដែល  មនុស្សប្រាថ្នាគឺទេវតាបានកំណត់រួចទៅហើយ ។

យ៉ាងណាមិញស្រ្តីម្នាក់បានរងគ្រោះដោយសារស្នាដៃ ប្តីវ័យក្មេងចាក់សាំងដុត បណ្តាលឲ្យឆាបឆេះរលាកពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេជួយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតនៅ ចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១  ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្តីប្រពន្ធមួយគូខាងលើនេះមិនត្រូវបានគេបង្ហាញឲ្យស្គាល់អត្តសញ្ញាណនោះទេ បើយោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថាស្រ្តីរងគ្រោះជាប្រពន្ធមានវ័យចាស់ជាងប្តី មុនពេលកើតហេតុគេបានលឺសូរពីរនាក់ប្តីប្រពន្ធនេះ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញបុរសជាប្តីវ័យក្មេង បានយកសាំងចាក់ដុតប្រពន្ធបណ្តាលឲ្យឆេះរលាករលួយពេញខ្លួនតែម្តង ។

បន្ទាប់ពីធ្វើសកម្មភាពរួចបុរសជាប្តីក៏បានរត់គេចខ្លួនទាំងស្លៀកខោលីអូ បាត់ស្រមោលឈឹងតែម្តង ចំណែកស្រ្តីរងគ្រោះជាប្រពន្ធត្រូវបានគេជួយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។