2024-01-26 10:01
73

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ កន្លងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹង និងព័ត៌មានផ្សេងៗ ពីប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទហេតុការណ៍ ១២៩១ ជាង ១០០០ករណី ។ 
    អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា លេខ ១២៩១ គឺជាលេខទូរសព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ 
   ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍ និងបណ្តឹងប្រចាំថ្ងៃតាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុត។ ជាក់ស្តែង ហេតុការណ៍បន្ទាន់ដែល អាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋតាមរយៈ សេចក្តីរាយការណ៍ និងបណ្តឹងតាមលេខទូរសព្ទបន្ទាន់ ១២៩១ ក្នុងឆ្នាំ២០២៣ កន្លងទៅ សរុបចំនួន ១៧៥២ករណី ។

   រាល់បណ្តឹងរបស់ប្រជាពលរដ្ឋជិត ២ ០០០ករណី ក្នុងនោះមានដូចជា៖ ករណីហិង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គិភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ ប្រជាពលរដ្ឋ ត្រូវការជំនួយជាចាំបាច់ ។ 
   កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរសព្ទទៅកាន់លេខ ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា «Phnom Penh Gendarmerie» ។  
   អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរសព្ទទៅរំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យក្រុមការងារ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕