2023-10-06 09:10
192

ប៉ៃលិន៖ លោកស្រី ឡូញ ឈាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមជាអធីបតីភាពក្នុង ពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅសាលាបឋមសិក្សាអូរតាពុក ដែលការចូលរួមពីអភិបាលរងក្រុង-ស្រុក មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាឃុំ-សង្កាត់ អាណាព្យបាលសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សជាច្រើននាក់ទៀត។

លោកស្រី ឡូញ ឈាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ឆ្នាំ២០២៣នេះរាជរដ្ឋាភិបាលបានបញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន បន្ថែមពីលើថ្នាំវ៉ាក់សាំងបង្ការជំងឺទាំង១១មុខរបស់កម្មវិធីជាតិ។ ទាំងនេះជាក្តីមោទនភាពណាស់ចំពោះសមិទ្ធផលដែលយើងសម្រេចបាន។ ដោយឡែកនាព្រឹកនេះជាព្រឹត្តិការណ៍ដ៍សំខាន់ដែលកុមារីអាយុគ្រប់៩ឆ្នាំនៅសាលាបឋមសិក្សាអូរតាពុក និងសាលាបឋមសិក្សាផ្សេងទៀតនឹងទទួលបានវ៉ាក់សាំងបង្ការមហារីកមាត់ស្បូនដោយមិនគិតថ្លៃមុនគេក្នុងខេត្តប៉ៃលិន។

លោកស្រីអភិបាលរងខេត្តបានបន្តថា៖ យើងជឿថានៅពេលកុមារីទទួលបានវ៉ាក់សាំងនេះនឹងអាចចៀសផុតពីជំងឺមហារីមាត់ស្បូន និងកាត់បន្ថយបន្ទុកចំណាយក្នុងការព្យាបាលទាំងកម្រិតបុគ្គល គ្រួសារ និងថវិកាជាតិផងដែរ។ ជាមួយគ្នានោះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំនៅទូទាំងខេត្តប៉ៃលិន ដើម្បីធ្វើយ៉ាងណាជម្រុញវិស័យអប់រំអោយកាន់តែល្អប្រសើរថែមទៀត សមស្របនិងយន្តការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិនក៏បានបានគូសបញ្ជាក់ដែរថា៖ តាមការប៉ាន់ស្មាននៅលើពិភពលោក ជំងឺមហារីកមាត់ស្បូនជាជំងឺមួយដែលកើតឡើងច្រើនជាងគេ លំដាប់ទី៤ ចំពោះស្ត្រី ដោយបានសម្លាប់មនុស្សប្រមាណ ៣សែននាក់ជារៀងរាល់ឆ្នាំ។ ដោយឡែកនៅកម្ពុជាយើងតាមការប៉ានស្មាន មានស្ត្រីប្រហែលជាប្រមាណ ១ពាន់នាក់ បានស្លាប់ដោយសារជំងឺមួយនេះ។ ដូចនេះការផ្តល់វ៉ាក់សាំងនាពេលនេះ នឹងអាចកាត់បន្ថយអត្រាឈឺ និងស្លាប់ស្រ្តីក្នុងពេលអនាគតទៀតផង។

លោកវេជ្ជបណ្ឌិត ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានថ្លែងថា៖ យុទ្ធនាការចាប់ផ្តើមដំបូងនៃការផ្តល់វ៉ាក់សាំងមហារីកមាត់ស្បូនក្នុងឆ្នាំនេះ សំដៅលើតែក្រុម កុមារីអាយុ៩ឆ្នាំដែលមានឈ្មោះក្នុងបញ្ជី ដែលក្រុមការងាររបស់មន្ទីរសុខាភិបាល សហការជាមួយមន្ទីរអប់រំបានចុះស្រង់ក្នុងខែកញ្ញា ២០២៣។ ចំណែកកុមារីលើសអាយុ ០៩ឆ្នាំ ឬទើបត គ្រប់អាយុ ០៩ឆ្នាំ នឹងទទួលវ៉ាក់សាំងមហារីកមាត់ស្បូនក្នុងឆ្នាំ ២០២៤។ ហើយថ្ងៃនេះនៅទូទាំង ២៥រាជធានី/ខេត្តទូទាំងប្រទេសកំពុងប្រារព្ធពិធីបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំ។

ចំណែករដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកចូលរួមជាអធិបតីក្នុងអង្គពិធីដែលប្រារព្វឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញផងដែរ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់បន្ថែមដែរថាៈ ដំណើរការបើកយុទ្ធនាការ និងការផ្តល់វ៉ាក់សាំងមហារីកមាត់ស្បូននៅទូទាំងប្រទេស ចាប់ផ្ដើមនៅថ្ងៃទី ៥ តុលា ២០២៣ និង បន្តទៅសាលាបឋមសិក្សាផ្សេងទៀតចាប់ពីថ្ងៃទី ០៦ តុលា ២០២៣។ ហើយកុមារីដែលផ្តល់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន មានចំនួន ៦៣៩នាក់ ចំណុះអោយសាលាបឋមសិក្សារបស់រដ្ឋចំនួន ៥៣ សាលា។ ក្នុងនោះកុមារីដែលរស់នៅតាមសហគមន៍ចំនួន១២៧ នាក់ នៅទូទាំងខេត្តប៉ៃលិន៕ដោយ÷ស សារឿន