2024-03-25 05:03
34

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបុក បញ្ច្រាសទិសគ្នាបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៤នាក់ នៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៤០នាទី ព្រឹក ថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០២៤  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ស្ថិតក្នុងភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាម សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុ មានឈ្មោះ កឹម ឃន ភេទប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះ សារី រីដា ភេទ ស្រី អាយុ ១០ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1E-3175ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះមានឈ្មោះ នៅ សុភា ភេទស្រី អាយុ ៣៨ មុខរបរបុគ្គលិកកាស៊ីណូ និងអ្នករួមដំណើរឈ្មោះ គង់ សុខុម ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូមានទីលំនៅក្នុងភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងបើកម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-3415។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1E-3175ជិះគ្នា២នាក់លើផ្លូវជាតិលេខ១ ក្នុងទិសដៅពីត្បូងទៅជើង មិនគោរពសិទ្ធិអាទិភាព ក៏បុកជាមួយ ម៉ូតូមួយគ្រឿងម៉ាកHONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-3415ជិះគ្នា២នាក់ ធ្វើដំណើរពីលិចទៅកើត យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយមក  អ្នករងរបួស ត្រូវបានក្រុមគ្រួសារដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ចំណែកមធ្យោបាយ ធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់ ៕