2023-03-30 08:03
886

ខេត្តបាត់ដំបង៖ ជាងផ្សារដែកពីរនាក់ត្រូវខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង។

   ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

    លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ខោន ខេន ភេទប្រុស អាយុ៣៦ឆ្នាំ និង ជនរងគ្រោះម្នាក់ទៀតឈ្មោះ សុខ សាមឌី ភេទប្រុស អាយុ៣៤ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំងពីររស់នៅភូមិ/ឃុំ កើតហេតុខាងលើ។

    ប្រភពដដែលបន្តថា ជនរងគ្រោះទាំង០២នាក់បានទៅស៊ីឈ្នូលផ្សារដំបូលផ្ទះឱ្យឈ្មោះ សុខ សំបូរ ភេទស្រី អាយុ៣៧ឆ្នាំ មិនបានពិនិត្យមើលខ្សែភ្លើងដែលតហ្រ្វី ក៏បានឆ្លងឆក់តែម្តង។

ក្រោយពីជំនាញបានពិនិត្យរួចរាល់បានសន្និដ្ឋានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ប្រាកដមែន ហើយបានប្រគល់សពជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕