2024-02-02 04:02
68

កណ្តាល៖ យុវជនម្នាក់ដែលបានថតវីដេអូរកាន់កាំបិតប៉័ងតោស្រែកថា អញ អញ….ពួកវិហារសួគ៌ខ្លាំង ៩៩មែន! ប៉ះ៨៩ស្ពៃ ពេលនេះត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលស្រាវជ្រាវ និងឃាត់ខ្លួនយកមកវាស់កម្ពស់បានសម្រេច គឺមានកម្ពស់ ១,៧០ម៉ែត្រ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានឆ្លើយតបជូនសាធារណជន ទៅនឹងផេកហ្វេសប៊ុកឈ្មោះ «PHÆL» ដែលបានបង្ហោះនូវវីដេអូយុវជនម្នាក់កាន់កាំបិតប៉័ងតោ ហើយស្រែកថា «៩៩វិហារសួគ៌ ប៉ះ៨៩ស្ពៃ»។ ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ ធ្វើការស្រាវជ្រាវស្វែងរកយុវជនខាងលើ ដើម្បីចាត់ការតាមនីតិវិធី។

បន្ទាប់ពីបើកការស្រាវជ្រាវ ជាលទ្ធផល នៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរកប្រភពវីដេអូខាងលើ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ  មឿង សុវណ្ណ ហៅ វណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ  ជនជាតិ ខ្មែរ  មុខរបរ កសិករ មានទីលំនៅភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល (ជាអ្នកធ្វើសកម្មភាពកាន់កាំបិតបុ័ងតោ) និងឈ្មោះ  ចក់ សុខជា ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ  ជនជាតិខ្មែរ  មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល (គេចខ្លួន) (ជាអ្នកថតវីដេអូ)។ 

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ មឿង វណ្ណា បានឆ្លើយសារភាពថា «ចំពោះវីដេអូនោះ ខ្លួនបានឲ្យឈ្មោះ ចក់ សុខជា យកទូរសព្ទថតខ្លួន ដើម្បីផ្ញើទៅគំរាមក្រុមមនុស្សរហ័សនាម ៩៩ នៅឃុំវិហារសួគ៌ ហើយឈ្មោះ ចក់ សុខជា ជាអ្នកចែកចាយវីដេអូនោះ»។

បច្ចុប្បន្នករណីនេះ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធីច្បាប់៕