2023-03-24 05:03
448

ភ្នំពេញ៖       នារីម្នាក់បើករយន្តស៊េរីទំនើប Meredes ពាក់ស្លាកលេខខេមរភូមិន្ទ ក្នុងល្បឿនលឿនបានវ៉ាជែងរយន្តមួយគ្រឿងមិនប្រយ័ត្នបានជ្រុលបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង។

ករណីគ្រោះថ្នាក់ខាងលើនេះ កើតឡើងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវ២៦១ ជិតអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

នគរបាលបានឱ្យដឹងថា រថយន្តបង្កប្រភេទស៊េរីទំនើប ម៉ាក Meredes មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខខេមរភូមិន្ទ 06-2-9751 អ្នកបើកបរដោយនារីម្នាក់មិនស្គាល់អត្តសញ្ញា ធ្វើដំណើក្នុងទិសដៅពីត្បូងទៅជើងបានវ៉ារថយន្តមួយគ្រឿងទៀត មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IS-4408 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាបើកបរដោយឈ្មោះ ស៊ីន សម្បត្តិ ភេទប្រុស អាយុ ៣២ឆ្នាំ អាសយដ្ឋានស្នាក់នៅ ផ្ទះលេខ១៥១ ផ្លូវ២១៧ ភូមិ៥  សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនិយាយថា មុនពេលកើតហេតុរថយន្ត Meredes ស្លាកលេខខេមរភូមិន្ទ ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានបើកវ៉ារថយន្តមួយគ្រឿងទៀតជ្រុកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងផ្លោងធ្លាក់បោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបានអូសម៉ូតូប្រហែល ១០០ម៉ែត្រឈប់រថយន្តតៃកុងរួចបើកទ្វារចុះរត់គេចខ្លួនបាត់តែម្តង។ 

សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សារនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវអ្នកបើកបរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕