2024-02-01 12:02
62

ខេត្តប៉ៃលិន÷កាលពីរសៀលថ្ងៃទី ៣១ ខែ មករាឆ្នាំ២០២៤កម្លាំងនគរបាលក្រុងប៉ៃលិនបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ មន្រ្តីនគរបាលម្នាក់ខណៈកំពុងដើរហាត់ប្រាណ នៅចំណុចភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រុង              ប៉ៃលិន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ                   ស្រិន  រ៉ាយូ  ភេទប្រុស អាយុ ៣១ឆ្នាំ  មុខរបរមិនពិតប្រាកដ រស់នៅភូមិបរឌិននៀវ  សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន។ចំណែកជនរងគ្រោះមានឈ្មោះ ឈឹម  សុគាន់ ភេទប្រុស  អាយុ ២៦ឆ្នាំ ជាមន្រ្តីនគរបាល រស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ។ 

ប្រភពបន្ថែមថាកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានដេីរហាត់ប្រាណតែម្នាក់ឯងចេញពីស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនសំដៅទៅផ្លូវបេតុងខាងមុខ លុះពេលដេីរបានមួយជុំ ក៏ត្រលប់មកវិញ ដោយដេីរបណ្តេីរចុចទូរស័ព្ទបណ្តេីរ ខណៈនោះស្រាប់តែលេចមុខជនសង្ស័យមកធ្វើសកម្មភាព ឆក់យកទូរស័ព្ទជនរងគ្រោះ ប៉ុន្តែជនរងគ្រោះដឹងខ្លួនទាន់ក៏បានយកទូរស័ព្ទដាក់ក្នុងហោប៉ៅខោ ហើយជនសង្ស័យក៏បានព្យាយាមប្រតាយប្រតប់ និងច្រានជនរងគ្រោះបណ្តាលឱ្យដួលរងរបួសចំកែងដៃខាងឆ្វេង និងរងរបួសចំជង្គង់ខាងឆ្វេងយ៉ាងដំណំ បន្ទាប់មកជនសង្ស័យក៏បាន រត់គេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុង ប៉ៃលិន។ បន្ទាប់ពីទទួលបណ្ដឹងរួចសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ៣រសៀលថ្ងៃ ដដែល សមត្ថកិច្ចក៏បានឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ           តែម្តង។

បើតាមសមត្ថកិច្ចបានប្រាប់ថាជនសង្ស័យរូបនេះ គឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន៤លើកផងដែរ ។
ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់ការិយាល័យជំនាញនៃស្នងការ ដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីធ្វើការសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។