2024-01-03 04:01
80

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងកំណត់ទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋាន។

ក្នុងឱកាសនោះ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីបិទបញ្ចប់ការអនុវត្តផែនការប្រតិបត្តិឆ្នាំ២០២៣  និងបានកសាងផែនការប្រតិបត្តិឆ្នាំ២០២៤ ដោយរក្សាបានស្មារតីបុរេសកម្ម ដើម្បីធានាឱ្យការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាបំពេញមុខងាររបស់ខ្លួន។

 ជាមួយគ្នានេះ  អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានយកចិត្តទុកដាក់ផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា បំពេញមុខងាររបស់ព្រឹទ្ធសភា បានយ៉ាងល្អ និងទាន់ពេលវេលា៕