2023-04-20 11:04
364

ព្រៃវែង៖ លោក ស៊ាន ប៊ុនណាល់ អតីតអធិការរងស្រុកបាភ្នំ ត្រូវតំណាងតំណាងអយ្យការ សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការពីបទៈ ហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយខុសច្បាប់ រួចទម្លាក់ទៅឲ្យចៅក្រមស៊ើបសួរដើម្បីបន្តនិតិវិធី។

តាមប្រភពពីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា លោក ស៊ាន ប៊ុនណាល់ អតីតអធិការរង នៃអធិការដ្ឋានស្រុកបាភ្នំ ត្រូវមន្ត្រីជំនាញបញ្ជូនទៅកាន់តំណាងអយ្យការ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដើម្បីសាកសួរ ប៉ុន្តែតំណាងអយ្យការសួរនាំមិនទាន់ចប់ក៏ផ្ញើនៅស្នងការវុញ លុះដល់ថ្ងៃទី២០ ខែមេសានេះ បញ្ជូនទៅឲ្យតំណាងអយ្យការម្តងទៀត ក្នុងការបំពេញបន្ថែមនិតិវិធី និងបានចោទប្រកាន់ជាផ្លូវការ ក្រោមបទចោទៈ ហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយខុសច្បាប់ រួចបញ្ជូនទៅចៅក្រមស៊ើបសួរបន្តនិតិវិធី។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ ២៦ឆ្នាំ មានតួនាទីជាអធិការរងស្រុកបាភ្នំ មានទីលំនៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ រីឯជនរងគ្រោះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យស្នងការនគរបាលខេត្តព្រៃវែង អនុវត្តគោលការ ៣ចំណុច រួមមាន៖ ទី១- ឃាត់ឲ្យជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្ត និងផ្អាកការងារជាបណ្តោះអាសន្នដើម្បីបើកផ្លូវក្នុងការស្រាវជ្រាវ ,ទី២- បញ្ជូនសំណុំឯកសារ និងវត្ថុតាងទៅតុលាការវិនិច្ឆ័យតាមផ្លូវច្បាប់ និងទី៣- លោកស្នងការស្នងការនគរបាលខេត្តត្រូវចុះសួរសុខទុក្ខ និងសុំទោសដល់គ្រួសារជនរងគ្រោះព្រមទាំងដោះស្រាយជាគោលនយោបាយសម្រាប់ព្យាបាល។

សូមរំឭកថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ូលិសស្រុកបាភ្នំ ចំនួន០៤នាក់ ដឹកនាំដោយលោក ស៊ាន ប៊ុនណាល់ អធិការងស្រុកបាភ្នំ បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ ត្រង់ចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងផ្ទុះអាវុធមួយគ្រាប់ត្រូវចំប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ខណៈពេលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ភ្លាមៗនោះពលរដ្ឋបានព័ន្ធចាប់ជនដៃដល់រួម និងប៉ូលិស០៣នាក់ទៀតតែម្ដង។

សូមបញ្ជាក់ដែរថា ក្នុងដំណាក់កាលសួរចម្លើយរបស់តំណាងអយ្យការ លោក ស៊ាន ប៊ុនណាល់ អតីតអធិការរងនគរបាលស្រុកបាភ្នំ ករណីដែលបានកើតមានឡើងនេះ លោកគ្មានចេតនាក្នុងការបាញ់ជនរងគ្រោះនោះទេ ហើយពេលនេះចៅក្រមស៊ើបសួរកំពុងបន្តនិវិធី និងបានចេញដីឃុំខ្លួនជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ៕