2023-12-09 08:12
182

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យ និង ពិភាក្សាលើការងារមួយចំនួន ដើម្បីត្រៀមលក្ខណ:ដាក់ចេញ នូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

កិច្ចប្រជុំខាងលើនេះ នៅរសៀល ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនោះ ក្រោមការដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំនូវយន្តការដឹកនាំការអនុវត្តនូវយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

នាកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏មានការពិនិត្យ និងពិភាក្សាលើការត្រៀមលក្ខណ:រៀបចំសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយុទ្ធនាការទាំង ២ខាងលើ ដែលក្រសួងយុត្តិធម៌គ្រោងនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខនេះផងដែរ៕