2023-12-28 03:12
116

 (កំពត)       នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តកំពត បានររៀបចំកែលម្អសោភ័ណភាពនៅតាមបណ្តាសួនច្បាទីធ្លាសាធារណៈនិងនៅតាមបណ្តោយមាត់ព្រែកក្នុងក្រុងកំពតនិងចំណត់ទូកទេសចរណ៍រួចជាស្រេច ជាពិសេសនៅតាមបណ្តារមណីយដ្ឋាននិងសណ្ឋាគារផ្ទះសំណាក់នៅក្នុងភូមិសាស្រ្តខេត្តកំពត ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងលម្ហែកម្សាន្តក្នុងពិធីបុណ្យឆ្លងឆ្នាំសកលនៅក្នុងខេត្តកំពតឆ្នាំ ២០២៣និងឈានចូលឆ្នាំ២០២៤នាពេលខាងមុខ។

 បើយោងតាមលោកនាយករដ្ឋបាលខេត្តកំពតបានឱ្យដឹងថាខាងមុខនេះខេត្តកំពតបានរៀបចំប្រារព្ធធ្វើឡើងពិធីបុណ្យឆ្លងឆ្នាំសកលរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ធ្នូដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣និងឈនចូលឆ្នាំ០២៤ខាងមុខនេះ ក្រុមការងាររៀបចំ​កែលម្អអំពូលភ្លើងនៅតាមបណ្តោយធ្នេព្រែកនិងនៅតាមសួនទីធ្លាសាធារណៈនៅក្នុងក្រុងកំពត និងតាមបណ្តារមណីយ​ដ្ឋានឱ្យមានសោភ័ណភាព បានសម្រេចរួចរាល់មើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងខេត្តកំពតនាឱកាសបុណ្យឆ្លងឆ្នាំសកល។

 ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាននានា អាចមកចូលរួមលេងកម្សាន្តអ្នកឱកាសពិធីបុណ្យឆ្លងសកលឆ្នាំ២០២៣ និងឈានចូលឆ្នាំ២០២៤នៅក្នុងខេត្តកំពត ដែលធ្វើឡើងនៅតាម​រមណីយដ្ឋាន​នៃភូមិសាស្ត្រខេត្តកំពត។

 ដោយឡែកចុងក្រោយនេះរដ្ឋបាលខេត្តកំពតក៏បានរៀបចំឱ្យមានកម្មវិធីការដាក់ប្រគុំតន្ត្រីបាញ់កាំជ្រួចនិងមានការដាក់តាំងពិពណ៌ និងភូមិមួយផលិតផលមួយ ដែលមានទីតាំងនៅពហុកីឡាដ្ឋានខេត្តកំពតនិងរូបសំណាកព្រះបាទអង្គឌួងនៅតាមបណ្តោយមាត់ព្រែកកំពង់បាយនោះផងដែរ។រដ្ឋបាលខេត្តកំពតក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិសូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរកម្មវិធីបុណ្យឆ្លងសកលឆ្នាំ២០២៣និងឈានចូលឆ្នាំ២០២៤ខាងមុខនេះ។

(សឹង រ៉ាត់)