2023-10-01 05:10
303

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មន្ត្រីក្រុមប្រតិបត្តិសាខា បានដឹកនាំយុវជន កក្រក នៃវិទ្យាល័យហ៊ុនសែនតាខ្មៅ និងវិទ្យាល័យហ៊ុនសែនសេរីភាព សរុបចំនួន ២៨ នាក់ ស្រី ១៤នាក់ ហើយក៏មានការចូលរួមពីកម្លាំងនគរបាលចរាចរណ៍ក្រុង ,កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងមន្ត្រីជំនាញនៃការិយាល័យចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សរុប ១៥នាក់ បានចុះអនុវត្តការងារផ្សព្វផ្សាយពីសុវត្ថិភាពចរាចណ៍នៅចំណុចផ្លូវកែងស្តុប ២គោលដៅ ក្នុងក្រុងតាខ្មៅ ។ 

 ជាលទ្ធផលសម្រេចបាន ៖ អ្នកចូលរួមនៅតាមដងផ្លូវ សរុបចំនួន ៩០៩នាក់ ក្នុងនោះ ប្រុស ៥១៧នាក់ ,ស្រី ៣៩២នាក់ ,បានចែកខិត្តប័ណ្ណផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក សរុបចំនួន ២៥៣ច្បាប់ និងមានការផ្សព្វផ្សាយសារសម្លេងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈឧគ្ឃោសនសព្ទ នៅចំណុចស្តុបគោលដៅផងដែរ ។

 ចំពោះការអនុវត្តសកម្មភាពនេះ គឺក្នុងគោលបំណងចូលរួមលើកកម្ពស់ការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា ដល់សាធារណជនទូទៅដែលបាននិងកំពុងធ្វើដំណើរនៅលើផ្លូវសាធារណៈ ឲ្យពួកគាត់បានយល់ដឹងកាន់តែប្រសើរ ពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងចូលរួមគោរពនូវភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា ស្លាកសញ្ញា ដើម្បីចូលរួមកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានពិការភាព ,បាត់បង់ជីវិតមនុស្ស ,ការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម ៕