2024-03-07 02:03
58

សៀមរាប៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាបថា «ពិធីបុណ្យទន្លេនឹងចំណែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាសៀមរាប»។ 

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអស់លោកលោកស្រីអមដំណេីររដ្ឋមន្ត្រី លោកអភិបាលខេត្ត លោស្រីអភិបាលរងខេត្ត លោក លោកស្រី មន្ទីរ-អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងក្រុមការងារពាក់ព័ន្ធផងដែរ។  

ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខេត្តសៀមរាប នេះជាលើកទី១ ហើយដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេស្របពេលក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។  

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និង បណ្តាខេត្ត នៅតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងមានការអញ្ជើញមកចូលរួមពីបវកញ្ញាពិភពលោក និង ភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើតែអស់ទៅហើយ។ 

ក្នុងពេលខាងមុខ លោករដ្ឋមន្រ្តី បានរំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ និងក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូរអន្តរជាតិ ព្រោះកម្ពុជា គឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។ 

លោក សុខ សូកេន ក៏បានជម្រុញឲ្យក្រុមការងារ គ្រប់ផ្នែកទាំងអស់ត្រូវធ្វើការរៀចំឲ្យបានម៉តចត់ទាំងការងាររៀបចំសម្អាតបរិស្ថានស្ទឹងសៀមរាបឲ្យស្អាត ការតុបតែងលម្អរ នៅតាមដងផ្លូវដោយមានការដាក់ប៉ាដាស្វាគមន៍ ដែលរចនារូបភាពទាក់ទាញដល់ភ្ញៀវ និងបន្ស៊ីទៅខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌។ ក្នុងនោះលោករដ្ឋមន្ត្រីបានស្នើឲ្យម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗ ឲ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ។ ម៉្យាងទៀត លើការផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវធ្វើបង្ហាញពីផលិតផលក្នុងស្រុក ដើមី្បលើកកម្ពស់ផលិតផលរបស់ប្រជាពលរដ្ឋយើង និងមិនត្រូវធ្វើការបង្ហាញពីស្រាបៀរនោះឡើយ ។ 

លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ផងដែរ ថា រដ្ឋបាលខេត្តបានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្ត ចំនួន ១៥កន្លែង នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបនេះ។

លោកអភិបាលខេត្ត ក៏បានឲ្យដឹងទៀតថា នៅក្រោយការបញ្ចប់បុណ្យទន្លេនេះ រដ្ឋបាលខេត្តបន្តរៀបចំធ្វើសង្ក្រាន្តសៀមរាប ដើមី្បបង្កលក្ខណៈជូនដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ នូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយក៏ជាចលករមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ស្របតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  ក្នុងការជម្រុញយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ ។ 

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេនេះ រៀបចំឡើង ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួច អបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សាធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយរីករាយ ចាប់ពីថ្ងៃទី១៥ ,១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីចំណុចសួនច្បារមាត់ស្ទឹង ព្រះរាជដំណាក់ ទៅដល់ផ្សារចាស់៕