2023-04-06 05:04
350

ខេត្តកំពង់ធំ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនឡើងរថយន្តសង្គ្រោះបន្ទាន់ ខណៈជិះម៉ូតូបុកមួយទំហឹងជាមួយគោយន្តកន្រ្តៃក្នុងទិសដៅបញ្ច្រាសគ្នា។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ២០និង១៥នាទីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

  ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្ត្រៃដឹកអុសជាមួយម៉ូតូគឺក្នុងទិសដៅបញ្រ្ចាសគ្នា។ ក្នុងនោះជនរងគ្រោះទី១-ឈ្មោះផៃ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិខ្មាក់ ឃុំសាលាវិស័យ (ភាគីខាងម៉ូតូ)ស្លាប់នៅនឹងកន្លែងកើតហេតុ និងជនរងគ្រោះទី២-ឈ្មោះ ផល សុផាត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសាលាវិស័យ បានស្លាប់ពេលលើកដាក់លើរថយន្តសង្គ្រោះបន្ទាន់។ ចំណែកម្ចាស់គោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

យោងតាមប្រភពពីសាក្សីនៅទីនោះឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងជិះគ្នា២នាក់បើកបរពីត្បូងទៅជើងក្នុងល្បឿនលឿនហើយបានវ៉ារថយន្ត១គ្រឿង បណ្តាលឱ្យប៉ះជាមួយគោយន្តកន្ត្រៃនោះតែម្តង៕