2023-07-11 07:07
261


ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃចន្ទទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កាលពីថ្ងៃទី០៩ ខែកក្តដាម្សិលមិញនេះ។ 


   ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា « ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព ដោយមានការសាងសង់តូបលក់ម្ហូបអាហារ ខ្យស់អង្គុយលំហែកម្សាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ និងយានយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារ និងផ្លូវថ្មើរជើង ដោយមានជណ្តើរទ្បើងចុះ ឱ្យមានសោភណ្ឌភាពសំដៅទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្តកាន់តែច្រើនទ្បើងថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយការពឹង អាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ។ 
   យ៉ាងណាមិញ ការរៀបចំហេដ្ឋារចសម្ព័ន្នក្នុងសហគមន៍តំបន់ការពារធម្មជាតិ នេះជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់នៅរបស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។

   គួរបញ្ចាក់ថា៖សមិទ្ធិផលនៃការរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិក្តុល ភូមិដំណាក់អំពិល ភូមិអូរល្ពៅ និងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់៕