2023-04-22 04:04
315

ភ្នំពេញ៖ អគ្គនាយក និងអគ្គនាយករងក្រុមហ៊ុន "មាតុភូមិអចលនទ្រព្យ" ត្រូវបានកម្លាំងមានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការពាក់ករណីរកស៊ីទិញ-លក់ដីក្បត់គ្នាចេញសែកស្អុយកើតរឿងក្តីប្តឹងគ្នាតែម្តង។

នាយក និងនាយករងក្រុមហ៊ុនអចលនទ្រព្យខាងលើ ត្រូវបានបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ឆែម តារា ភេទប្រុស អាយុ ៤៥ ឆ្នាំ ជានាយកក្រុមហ៊ុន ”មាតុភូមិអចលនទ្រព្យ” មានទីលំនៅបុរី ពិភពថ្មីឈូកវ៉ា២ ក្នុងភូមិឧត្តមបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ  និងឈ្មោះ ឈិត ចំរើន ភេទប្រុស អាយុ ២៩ឆ្នាំ  ជានាយករង មានទីលំនៅភូមិត្រពាំងត្រាច ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយសំណុំរឿងនេះស្ថិតក្នុងដៃលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ)។

តាមដំណើររឿងបានឲ្យដឹងថា កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក ជនសង្ស័យទាំង០២នាក់ និងជាមួយមន្ត្រីយោធាម្នាក់ទៀត បានទាក់ទងសហការគ្នារកស៊ីប្រមូលទិញដីធ្លីពីប្រជាពលរដ្ឋប្រមាណជាង ៣២ម៉ឺនម៉ែត្រការ៉េ នៅភូមិដំណាក់ព្រីង ឃុំស្វាយដុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីអភិវឌ្ឍន៍គម្រោងសង់ផ្ទះល្វែងលក់។ បន្ទាប់មកមន្ត្រីយោធាគ្មានពេលមើលការងារក្រុមហ៊ុនបានផ្ទេរភាគហ៊ុនដែលខ្លួនមាន៥០/ភាគរយ ឲ្យទៅប្រធាន និងអគ្គនាយករងក្រុមហ៊ុនគ្រប់គ្រងទាំងមូល តម្រូវឲ្យជនសង្ស័យទាំង០២នាក់ប្រគល់ប្រាក់ចំនួន១ ២០០ ០០០ (១លាន២ សែនដុល្លារអាមេរិក) ដើម្បីដើរចេញពីភាហ៊ុននោះ។

ក្រោយពីភាគីទាំង២បានព្រមព្រៀមគ្នាជនសង្ស័យបានប្រគល់ប្រាក់ទិញយកភាគហ៊ុនដំបូងឲ្យទៅមន្ត្រីយោធា ចំនូន៩៤ ០០០ដុល្លារ អាមេរិក។ ចំណែកប្រាក់បានទូទាត់តាមរយៈមូលប្បទានបត្រ ចំនួន ៧សន្លឹក ក្នុងសែក ១សន្លឹកមានទឹកប្រាក់ ១៥ ០០០ដុល្លារ សម្រាប់យកទៅបើកប្រាក់នៅធនាគារដល់ថ្ងៃកំណត់បានយកមូលប្បទានបត្រទាំងអស់ទៅដកប្រាក់ ស្រាប់តែខាងធនាគារឆ្លើយថា ជាសែកគ្មានទឹកប្រាក់ជនរងគ្រោះបានដាក់ពាក្យប្តឹងសមត្តកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់តែម្តង។

ជនសង្ស័យទាំង នាយក និងនាយករងក្រុមហ៊ុន "មាតុភូមិអចលនទ្រព្យ" បានទទួលស្គាល់ថា សម្លឹកសែកដែលពួកខ្លួនបានចេញឲ្យមន្ត្រីយោធាដែលធ្លាប់ចូលហ៊ុនគ្នានោះគ្មាចសាច់គ្រប់គ្រាន់ពិតប្រាកដមែន ដូច្នេះតុលាការមានចំណាត់ការតាមផ្លូវច្បាប់តាមនិតិវិធី៕