2024-01-15 11:01
82

ខេត្តព្រះសីហនុ÷    បុគ្គលមានលុយមានអំណាចមួយចំនួនឃុបឃិតជាមួយអាជ្ញាធរដែនដីរំលោភចាក់ដីចូលក្នុងឆ្នេរសមុទ្រដណ្តើមយកមកកាន់កាប់ធ្វើជាកម្មសិទ្ធឯកជនផ្ទាល់ខ្លួនយ៉ាងអនាធិប្បតេយ្យត្រជាក់ចិត្តបំផុតអាជ្ញាធរមូលដ្ឋានមួយចំនួនធ្វើព្រងើយកន្តើយហាក់ដូចគ្មានរឿងអ្វីកើតឡើងនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនទាល់តែសោះ។
    យ៉ាងណាមិញថ្មីៗនេះនៅខាងក្រោយសាលាឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គេសង្កេតឃើញថាមានការចាក់ដីនិងថ្មរំលោភចូលទៅក្នុងឆ្នេរសមុទ្រយ៉ាងសម្បើមដៃរលូនត្រជាក់ចិត្តបំផុត  ហើយគេពុំឃើញមានការទប់ស្កាត់ពីអាជ្ញាធរឃុំដែលនៅគៀកបង្កើយនោះឡើយ។
    ទង្វើបែបអវិជ្ជមានបែបនេះធ្វើឲ្យមហាជនដែលមើលឃើញរាល់សកម្មភាពដែលចាក់ដីរំលោភចូលទៅក្នុងឆ្នេរសមុទ្យនៅខាងក្រោយសាលាឃុំទំនប់រលកស្រស់ៗនឹងភ្នែកបែបនេះហើយមហាជនដាក់ការសង្ស័យថាមានការឃុបឃិតគ្នាជាមួយអាជ្ញាធរឃុំហើយទើបបុគ្គលមានលុយទាំងនោះចាក់ដីចាក់ថ្មចូលទៅក្នុងឆ្នេរសមុទ្របានយ៉ាងរលូនមិនទាក់ភ្នែកលោកមេឃុំទំនប់រលកបែបនេះ។
   បែបអសកម្មនេះតើថ្នាក់ស្រុក ថ្នាក់ខេត្តបានជ្រាបពីទង្វើរបស់លោកមេឃុំទំនប់រលកដែលព្រងើយកន្តើយមិនចាត់វិធានការទៅលើបុគ្គលដែលដឹកដី ដឹកថ្មចាក់ចូលឆ្នេរសមុទ្របែបអាណាធិបតេយ្យរំលោភកាន់កាប់ដីចំណីឆ្នេរដែលជាសម្បត្តិសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធទាល់ខ្លួនយ៉ាងត្រជាក់ចិត្តបែបនេះដែរឬទេ?។
   ជុំវិញបញ្ហាខាងលើនេះលោក សេម វឌ្ឍនៈ មេឃុំទំនប់រលកបានផ្ដល់បទសម្ភាសន៍ឱ្យក្រុមអ្នកសារព័ត៌មានយើងកាលពីថ្ងៃព្រហស្បតិ៍ ទី 11 ខែមករាឆ្នាំ 2024 វេលាម៉ោង 2:20នាទី រសៀលថា ចំពោះការចាក់ដីនិងថ្មរំលោភយកឆ្នេរសមុទ្រគឺគ្មានទេ ហើយទីតាំងនេះត្រូវបានចាក់ដីតាំងពីឆ្នាំ 2003 ជំនាន់អាណត្តិទី១មកម្លេះ ក្រោយមកដីត្រូវបានរសាត់ទៅ ដូច្នេះគេគ្រាន់តែចាក់ថ្មរៀបបំពេញដីចាស់របស់គេប៉ុណ្ណោះ។
(សូមចាក់សំឡេងលោកមេឃុំ)
   ទោះបីជាមានការលើកឡើងលោក សេម វនឌ្ឍន: មេឃុំទំនប់រលកយ៉ាងនេះក្ដីមហាជនក៏ដូចជាក្រុមការងារអ្នកសារព័ត៌មានយើងបានសង្កេតឃើញថាទីតាំងឆ្នេរសមុទ្រខាងលើនេះនៅអំឡុងឆ្នាំ 2023 កន្លងទៅគឺពុំមានការចាក់ដីរំលោភយកឆ្នេរសាធារណៈរបស់រដ្ឋបែបនេះទេ។ 
    ប៉ុន្តែយើងពិនិត្យឃើញថាមានការរៀបថ្មទុកចោលទៅក្នុងឆ្នេរសមុទ្រពិតជាមានមែនកន្លងមក ព្រោះថាកន្លងទៅអង្គភាពសារព័ត៌មានយើងធ្លាប់បានចុះទៅដល់ទីតាំងខាងលើនេះរួចមកហើយពុំមានការចាក់ដីចូលទៅក្នុងឆ្នេរនោះទេ។ទើបតែមួយរយៈចុងក្រោយនេះបុគ្គលសម្បូរទ្រព្យចាយមិនអស់បានដឹកដីចាក់ចូលទៅក្នុងឆ្នេរសាធារណៈរបស់រដ្ឋបានយ៉ាងរលូនត្រជាក់ចិត្តជាទីបំផុតមិនមានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានឃុំទំនប់រលកនោះឡើយ។
    មហាជនលើកជាចម្ងល់ទៀតថា មួយរយៈចុងក្រោយមកនេះ ដីនៅតំបន់ឆ្នេរសមុទ្រ ត្រូវបានអ្នកធំ អ្នកមានលុយស្ដុកស្ដំចាយមិនអស់ មួយចំនួនបានវាតទីដណ្ដើមគ្នាចាក់ដីកាន់កាប់យកឆ្នេរធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមិនញញើបដៃនិងមិនខ្លាចច្បាប់ផ្ដន្ទាទោសនោះឡើយ។
   មហាជនលើកឡើងទៀតថាជាទូទៅ អ្នកក្រអ្នកតូចតាចបើហ៊ានតែប៉ះដីឆ្នេរសមុទ្រតែបន្តិចអ្នកអនុវត្តច្បាស់ពិសេសអាជ្ញាធរមូលដ្ឋានចុះមកធ្វើការហាមឃាត់ភ្លាមៗ ហើយបើនៅរឹងទទឹងគេនឹងចាត់វិធានការតាមផ្លូវច្បាប់ វាផ្ទុយពីរនាក់មានលុយមានអំណាចខ្សែស្រឡាយអ្នកធំមួយចំនួនគឺធ្វើអ្វីបានតាមតែ    អំពើចិត្ត មិនខ្វល់ពីផលប៉ះពាល់បាត់ឆ្នេរសាធារណៈដែលជាសម្បត្តិរបស់រដ្ឋសម្បត្តិពលរដ្ឋទូទាំងប្រទេស។ 
    អ្វីដែលហួសចិត្តនោះគឺទីតាំងខាងលើនេះមិនមែននៅក្នុងព្រៃដែលអាជ្ញាធរមើលមិនឃើញនោះទេ ពោលគឺវានៅខាងក្រោយសាលាឃុំទំនប់រលកជិតកៀកបង្កើយបំផុតហេតុអ្វីបានជាលោក សេមវឌ្ឍន: ដែលជាមេឃុំទំនប់រលកមើលរំលងបែបនេះ ហើយបណ្ដែតបណ្ដោយឲ្យបុគ្គលមានលុយចាយមិនអស់ខាងលើចាក់ដីចូលទៅក្នុងឆ្នេរសមុទ្របានយ៉ាងងាយបែបនេះ។
    ពាក់ព័ន្ធករណីខាងលើនេះក្រុមការងារអ្នកសារព័ត៌មានយើងបានប្រាប់ទៅលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ ហើយលោកថា ពេលនេះលោកកំពុងជាប់រវល់ប្រជុំនៅភ្នំពេញចាំលោកឱ្យគេចុះទៅមើល។
   ជុំវិញការចាក់ដីរំលោភចូលឆ្នេរសមុទ្រ និងរៀបថ្មហ៊ុំព័ទ្ធយកដីឆ្នេរសមុទ្រខាងលើនេះអង្គភាពសារព័ត៌មានយើងនិងរង់ចាំឃ្លាំមើលចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានថាតើលោកនឹងមានវិធានការបែបណាទៅលើទីតាំងខាងលើនេះ។
    គួររំលឹកផងដែរថាជំនាន់អភិបាលស្រុកស្ទឹងហាវចាស់លោក ឆាយ សុគន្ធដា លោកបានប្រើកណ្ដាប់ដៃដែកចាត់វិធានការទៅលើក្រុមអ្នកចាក់ដីចូលទៅក្នុងឆ្នេរសមុទ្រនៅតំបន់រោងចក្រប្រេងកាតស្ថិតក្នុងភូមិ 4 ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុឲ្យអ្នកចាក់ដីកាយចេញជាបន្ទាន់រក្សាភាពដើមឡើងវិញបានដោយជោគជ័យ។ហេតុនេះមហាជនក៏ដូចជាអ្នកសារព័ត៌មានរង់ចាំមើលថាតើលោកអភិបាលស្រុកស្ទឹងហាវថ្មីវ័យក្មេងថាមពលមាំមួនលោក សៅ បុរីវឌ្ឍនៈ ប្រើកណ្ដាប់ដៃដែកបំបែកសំណុំរឿងចាក់ដីចូលសមុទ្រខាងលើនេះបានដូចលោកអភិបាលចាស់ដែរឬទេ។