2024-04-02 05:04
41

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។ 

នេះជាប្រសាសន៍ដែលលោកដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងអាសាគូឈិ (Asakuchi) នៃខេត្តអូកាយ៉ាម៉ារបស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកអភិបាលក្រុង យ៉ាស៊ូហិកុ គុរិយ៉ាម៉ា(Yasuhiko Kuriyama) និងអមដោយប្រធានសមាគមជប៉ុន-កម្ពុជា លោក ហ្វូមីអាគិ តាកាហាស៊ិ (Fumiaki Takahashi) និងសមាជិកសមាជិករបស់សមាគម។ 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដោយលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្នុងក្របខណ្ឌនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចចំពោះការគាំទ្រដល់ភាគីជប៉ុនដែលមានបំណងចង់វិនិយោគនៅកម្ពុជាដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ថែមទៀត»។ ក្រៅពីនេះ លោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះបំណងនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារផងដែរ ខណៈដែលកម្ពុជាមានបទពិសោធន៍លើកិច្ចសហការនេះស្រាប់។ 

ត្រង់ចំណុចនេះ ភាគីជប៉ុន បានចាប់អារម្មណ៍ ចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ហេង សួរ ហើយក៏បានបង្ហាញពីវិសាលភាព និងសក្តានុពលនៃផលិតផលក្នុងក្រុងអាសាគូឈិ (Asakuchi) ដែលល្បីល្បាញលើការផលិតស្រា និងមី ដែលផលិតដោយដៃ និងវិស័យនេសាទ (អយស្ទ័រ) និងការកែច្នៃផលិតផលប្រើប្រាស់ក្នុងអាហារដ្ឋានជាដើម។ សម្រាប់ភាគីជប៉ុន ក្រុមហ៊ុនរបស់ខ្លួនអចផ្ទេរបច្ចេកវិទ្យា ឬស្តង់ដានៃការផលិត ដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញ និងសមត្ថភាពខ្ពស់ផលិតបានផលិតផលដែលមានគុណភាពស្តង់ដាជប៉ុន។

ក្នុងការពិភាក្សាប្រកបដោយផ្លែផ្ការវាងភាគីទាំងពីរ លោកមរដ្ឋមន្ត្រីក្រសួងការងារ មានក្តីរំពឹងខ្ពស់ថា «អ្នកវិនិយោគិនជប៉ុន នឹងមកបោះទុនវិនិយោគនៅកម្ពុជា ដែលមានធនធានមនុស្សមានជំនាញ និងវត្ថុធាតុដើមដើម្បីអាចកែច្នៃ និងគាំទ្រដល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា នាពេលខាងមុខឱ្យដំណើរការដោយរលូន»។

ក្នុងនាមជាអតីតនិស្សិតដែលបានទៅរៀននៅប្រទេសជប៉ុនមួយរូប លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការ ពិតជាចង់ឃើញអ្នកវិនិយោគិនជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជាច្រើនបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារឱ្យសម្បូរបែបសម្រាប់ពលរដ្ឋកម្ពុជា ក្នុងពេលដែលប្រទេសជាតិទាំងពីរបានបង្កើនកម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ៕