2024-05-01 02:05
38

(កំពត)នាថ្ងៃទី ១ មែឧសភា ឆ្នាំ២០២៤នេះលោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថាដោយមានកិត្តិយសខ្លាំងណាស់ដែលរដ្ឋបាលខេត្តកំពតបានរៀបចំភូមិស្នំប្រាំពីរ ស្ថិតនៅក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានចាត់ទុកភូមិមួយនេះជាតំបន់រមណីយដ្ឋានធម្មជាតិ និងកែច្នៃជាច្រើនកន្លែង សម្រាប់ទទួលភ្ញៀវទេចរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិចូលចិត្តទៅលេងកម្សាន្ត។

បើតាមការបញ្ជាក់របស់អាជ្ញាធរ និងជំនាញថាភូមិនេះត្រូវបានជ្រើសរើសធ្វើជាបេក្ខភាពភូមិទេសចរណ៍ឆ្នើមមួយ ក្នុងចំណោមភូមិពីររបស់ខេត្តកំពត ដើម្បីដាក់ប្រកូតពានរង្វាន់ “ភូមិទេសចរណ៍ឆ្នើម២០២៤”  របស់អង្គការទេសចរណ៍ពិភាពលោក បើតាមការរំពឹងថាភូមិនេះអាចនឹងឈ្នះ។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានប្រាប់ឲ្យដឹងថា ស្រុកទឹកឈូមានកិត្តិយសខ្លាំងណាស់ ដោយរដ្ឋបាលខេត្ត និងមន្ត្រីជំនាញបានជ្រើសរើសភូមិចំនួន២ ក្នុងស្រុកទឹកឈូ ជាភូមិទេសចរណ៍ឆ្នើមរបស់ខេត្ត ដើម្បីដាក់ចូលក្នុងការប្រកួតដណ្តើមពានរង្វាន់  “ភូមិទេសចរណ៍ឆ្នើម២០២៤” របស់អង្គការទេសចរណ៍ពិភាពលោក (UNWTO)។

ដោយឡែកភូមិស្នំប្រាំពីរ លោកយល់ថា គឺពិតជាភូមិទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះភូមិនេះមានតំបន់រមណីយដ្ឋានធម្មជាតិ និងកែច្នៃជាច្រើន ដែលភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិធ្លាប់បានមកលេងកម្សាន្តយ៉ាងច្រើន មានដូចជាទឹកជ្រោះតាដា  កោះស្នេហ៍តាលុន ទឹកឈូ ដូងទេរ ឧទ្យានដងព្រែក និងកាហ្វេរជ្រលងភ្នំ និងជាដើម  និងមានសក្តានុពលជាច្រើនទៀត ពិសេសដំណាំហូបផ្លែ។

លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ លោកបានរំពឹងថា ភូមិស្នំប្រាំពីរ នឹងអាចឈ្នះជ័យលាភីភូមិទេសចរណ៍ឆ្នើម២០២៤ ព្រោះភូមិនេះបានបំពេញតាមលក្ខខណ្ឌទាំង៩ចំណុច ប៉ុន្តែយ៉ាងណាក៏ដោយលោកស្នើដល់អាជីវករ ម្ចាស់រមណីយដ្ឋាន ប្រជាពលរដ្ឋត្រូវប្រឹងប្រែងបន្តទៀត លើការងាររក្សាអនាម័យបរិស្ថាន  ការផ្តល់សេវាកម្មល្អ  និងការច្នៃបង្កើតសេវាកម្ម និងកន្លែងទេសចរណ៍ទាក់ទាញថ្មីៗបន្ថែមទៀត ដើម្បីឲ្យភ្ញៀវទេសចរមកលេងខេត្តកំពតកាន់តែច្រើន។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងដែរថា ដើម្បីចូលរួមក្នុងការប្រកួតពានរង្វាន់ ភូមិទេសចរណ៍ឆ្នើម ២០២៤  របស់អង្គការទេសចរណ៍ពិភាពលោក រដ្ឋបាលខេត្តកំពតដោយមានការសហការពីមន្ត្រីជំនាញមន្ទីរទេសចរណ៍ បានជ្រើសរើសភូមិចំនួនពីររបស់ស្រុកទឹកឈូ  មានភូមិស្នំប្រាំពីរ និងភូមិកំពង់កែស ជាភូមិទេសចរណ៍ឆ្នើមរបស់ខេត្ត ដើម្បីដាក់ជាបេក្ខភាពប្រកួត ហើយភូមិទាំងពីនេះសុទ្ធតែមានសក្តានុពលលើវិស័យទេសចរណ៍ខ្ពស់ ដែលអាចមានសង្ឃឹមច្រើនក្នុងការដណ្តើមយកជ័យលាភី ជាពិសេសភូមិស្នំប្រាំពីរតែម្តង។(សឹង រ៉ាត់)