2024-05-10 12:05
197

ភ្នំពេញ៖ អនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ និងបុគ្គលិកសិក្សា ចំនួន ០២នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណីធ្វើសញ្ញាបត្របាក់ឌុប បរិញ្ញាបត្រ ឬបរិញ្ញាជាន់ខ្ពស់ក្លែង ព្រមទាំងឃុបឃិតគ្នារត់ការចូលក្របខ័ណ្ឌគ្រូបង្ក្រៀន និងតាមក្រសួង មន្ទីរផ្សេងៗទៀត។
ការឃាត់ខ្លួនមន្ត្រីទាំង០៣រូប ធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នេះ ជាបន្តបន្ទាប់គ្នា និងបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

ជនសង្ស័យទាំអ ០៣នាក់នោះ រួមមាន៖ ១- ឈ្មោះ នង រុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាគ្រូបង្រៀន នៅវិទ្យាល័យសុខអានព្រៃសណ្តែក, ២- ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ ៤៣ឆ្នាំ ជាគ្រូបង្រៀន សាលាបឋមសិក្សាធន់មន់ និង ៣- ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។

មន្ត្រីពុករលួយទាំង០៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា មានពាក់ព័ន្ធចូលរួមសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌដោយខុសច្បាប់តាំងពីឆ្នាំ២០២៣ រហូតដល់ខែឧសភា ឆ្នាំ២០២៤ ដូចជា ការរត់ការចូលក្របខណ្ឌរដ្ឋ, ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ។

សម្រាប់ការរត់ការធ្វើសញ្ញាបត្រក្លែងក្លាយ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជាដើម មានតម្លៃចាប់ពី ៤៥០ដុល្លារ ដល់ ១ ៥០០ដុល្លារ។ ដោយឡែកសម្រាប់ការត់ការចូលក្របខណ្ឌរដ្ឋ ពួកគាតយកតម្លៃចាប់ពី ១១ ០០០ដុល្លារ ដល់ ១៦ ០០០ដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានអង្គភាព (ACU) បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់បន្តតាមនិតិវិធីច្បាប់៕