2024-06-04 08:06
156

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ជិតភ្លើងស្តុបចំការមន ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង  ។
បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រី២នាក់បានបើករថយន្តតូយ៉ូតាព្រូស ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រី២នាក់ទៀត បានបេីករថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ទុយយោទឹក ពាក់ស្លាកលេខ ភ្នំពេញ 2BH-1804 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពី ជើងទៅត្បូងដោយល្បឿនលឿន ។ លុះបើកមកដល់ចំណុចកេីតហេតុ ដោយសង្ស័យថាអ្នកបេីកបរងងុយដេកងោកមួយភាំងទេីបធ្វើអោយរថយន្តរេចង្កូតទៅបុកនឹងក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តខូចខ្ទេចស្រុញផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ ចំណែកក្បាលថ្មពុះចែកទ្រូងផ្លូវវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះ  ។
  ក្នុងហេតុការណ៍នេះដែរ អ្នកបើកបររថយន្តនិងអ្នករួមដំណើររងរបួសតិចតួច បានគេចខ្លួនចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ  ។
ក្រោយពេលកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំដំណោះស្រាយ  ៕